ស្វែង​យល់​ពីវីតាមីន​A - តើ​វីតាមីន​Aអាច​ព្យាបាល​មុន​ដែរ​ឬទេ?

By BeiLover - September 02, 2019




វីតាមីនA មានតួនាទីជួយធ្វើអោយស្បែកភ្លឺថ្លា ព្រមទាំងអាចព្យាបាលមុនទៀតផង។ ដូចនេះ តើវីតាមីនA និងការព្យាបាលមុនមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?
តើវីតាមីនAជាអ្វី?
រាល់ប្រភេទនៃវីតាមីនA ទាំងអស់មិនមែនសុទ្ធតែត្រូវបានបង្កើតឡើងស្មើរៗគ្នាទេ។ ប្រភេទវីតាមីនAចំបងៗមានដូចជាការ៉ូតេណូអ៊ីត(Carotenoids) និងរ៉េទីណូអ៊ីត(retinoids)។
ការ៉ូតេណូអ៊ីត(Carotenoids)
ការ៉ូតេណូអ៊ីតគឺជាសារធាតុពណ៌នៃរុក្ខជាតិដែលមានតួនាទីបង្កើតពណ៌ក្រហមខ្ចី ពណ៌លឿងនិងពណ៌ទឹកក្រូចនៅក្នុងបន្លែនិងផ្លែឈើជាច្រើន។ មនុស្សដែលទទួលទានអាហារដែលមានផ្ទុកសារធាតុការ៉ូតេណូអ៊ីតអាចទទួលបានអត្ថប្រយោជន៍ល្អដល់សុខភាព។
នៅពេលអ្នកត្រូវការបន្ថែមវីតាមីនA ទៅក្នុងរបបអាហាររបស់អ្នក រំពេចនោះអ្នកនឹងនឹកដល់ការ៉ុត។ ដូចនេះវីតាមីនA ដែលអ្នកកំពុងតែគិតដល់គឺជាការ៉ូតេណូអ៊ីត(carotenoid)។ សារធាតុបង្កើតពណ៌នៃរុក្ខជាតិពណ៌លឿងប៉ៃតងមាននៅក្នុងបន្លែពណ៌ប៉ៃតងនិងលឿង។ វាមានផ្ទុកប្រភេទវីតាមីនA មួយប្រភេទ ដែលគេអោយឈ្មោះថាBeta-carotene(បេតាការ៉ូតេន) ។

រេទីណូអ៊ីត(Retinoids)
រេទីណូអ៊ីត(Retinoids) ជាប្រភេទនៃវីតាមីនA ដែលជាទូទៅវាមាននៅក្នុងផលិតផលដែលបានមកពីសត្វមានដូចជាស៊ុត ទឹកដោះគោ សាច់ និងប្រភេទអាហារបានមកពីសត្វដទៃទៀត។
ពាក្យថារេទីណូអ៊ីតគឺពិពណ៌នាអំពីគ្រួសារនៃគ្រឿងផ្សំដែលរួមមានរេទីនA និងរេទីណុល។ រេទីណូអ៊ីតមាននៅគ្រប់ទីកន្លែងក្នុងរាងកាយរបស់យើងនិងជាអ្នកជួយទ្រទ្រង់ដំណើរការខាងក្នុងរាងកាយដូចជាមុខងាររបស់ប្រព័ន្ធការពាររាងកាយ និងជួសជុលជាលិការ។
ហេតុអ្វីបានជាវីតាមីនA មានសារៈសំខាន់សម្រាប់ស្បែក?
វីតាមីនA គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពល១ប្រភេទដែលជួយប្រយុទ្ធប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីអាចបំផ្លាញកោសិកា និងជាលិកាដោយធ្វើអោយមានបំរែបំរួលមជ្ឈដ្ឋានឬបរិយាកាសនៅក្នុងក្រពេញបញ្ចេញខ្លាញ់របស់ស្បែកដែលបង្កភាពងាយស្រួលដល់បាក់តេរី P.Acne ក្នុងការប្រមូលផ្ដុំនិងបង្កើតទៅជាស្នាមជាំ។
ហ្សែន ភាពតានតឹង ឱសថ និងប្រភេទអាហារមួយចំនួនក៏អាចបង្កឲ្យស្បែកឡើងខ្លាញ់ផងដែរ។ វីតាមីនA ជួយកាត់បន្ថយបរិមាណនៃការផលិតខ្លាញ់របស់ស្បែក។   ហេតុនេះហើយវីតាមីនA អាចជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រភេទស្បែកខ្លាញ់និងប្រភេទស្បែកខ្លាញ់ផងស្ងួតផងដោយហេតុថាប្រភេទស្បែកទាំងពីរនេះងាយនឹងកើតមុនបំផុត។
មានឱសថជាច្រើនត្រូវបានប្រើក្នុងការព្យាបាលមុនសម្រាប់មនុស្សវ័យជំទង់ ហើយឱសថទាំងនោះប្រើវីតាមីនA ជាធាតុផ្សំសកម្មរួមមានTretinoin ដែលត្រូវគេស្គាល់ថាជា រេទីនA( Retin-A) និងIsotretinoin ដែលជាទូទៅគេហៅថា Accutane។
ឱសថទាំងនេះប្រើប្រាស់សារធាតុគីមីដែលសំយោគចេញពីវីតាមីន A   ដើម្បីជួយជំរុញឲ្យកោសិកាស្បែកលូតលាស់យ៉ាងឆាប់រហ័សតាមរយៈដាស់ហ្សែនដែលធ្វើអោយកោសិការស្បែកនោះក្លាយជាស្បែកឆាប់ពេញលក្ខណៈ។ ការ៉ាទីន(Keratinicytes)ជាផ្នែកសំខាន់នៃកោសិកាស្បែកថ្មីទាំងនេះ ដែលវាបង្កើតឡើងយ៉ាងរហ័សរហូតដល់៩៥%នៃស្រទាប់ខាងលើបង្អស់របស់ស្បែក(ស្រទាប់អេពីឌែម(Epidemis))។
ការ៉ាទីន(Keratinicytes)ជួយទប់សរសៃឈាម និងសរសៃប្រសាទទាំងអស់របស់ស្បែកអោយមានលំនឹងនៅនឹងកន្លែង ព្រមទាំងជារបាំងការពារផ្នែកខាងក្នុងនៃស្បែកពីការបំផ្លាញពីមជ្ឈដ្ឋានខាងក្រៅ។
នៅពេលដែលកោសិការដុះថ្មីទាំងនេះដុះឡើងមកផ្ទៃខាងលើស្បែក នោះស្បែកនៅខាងលើរន្ធរោមនឹងបើក។ វាជួយបង្ការមិនអោយកោសិការងាប់ៗកើនច្រើនឡើងនៅលើផ្ទៃខាងលើស្បែកនិងការពារមិនអោយស្ទះរន្ធរោម។ វីតាមីនA ជួយជំរុញការផលិតខូឡាជេន ដែលខូឡាជេនធ្វើអោយស្បែករបស់អ្នករលោងនិងកាត់បន្ថយការលេចឡើងនៃស្បែកចាស់ជ្រីវជ្រួញនិងស្នាមផ្នត់នៅលើស្បែកផងដែរ។
វីតាមីនAដែលបានមកពីចំណីអាហារ ជាពិសេសការ៉ូតេណូអ៊ីត(Carotenoid) ដែលមាននៅក្នុងបន្លែជំរុញការបណ្តុះលូតលាស់កោសិការយ៉ឺតជាងឱសថសំយោគរ៉េទីណូអ៊ីតដែលប្រើសម្រាប់ព្យាបាលមុន។
ទោះបីជារេទីណុលពិតជាអាចធ្វើអោយកោសិការស្បែកបង្កើតឡើងវិញយ៉ាងឆាប់រហ័សដែលធ្វើអោយដុំគីសនិងដុំពក(ដុំស្រដៀងនឹងមុនដំបូកឬអាចហៅថាមុនកប់)ឡើងមុខ ហើយប្រែជាដុំស្បែកជាំខ្មៅលេចចេញមកលើផ្ទៃស្បែក។ ដូចនេះហើយការប្រើប្រាស់ផលិតផលសម្រាប់ព្យាបាលមុនលើសកំរិតបណ្តាលអោយស្បែកនោះឡើងរោលរលាកយ៉ាងខ្លាំង ដែលបង្កអោយស្បែករលាក ឡើងក្រហម។
សង្ខេប ៖អត្ថប្រយោជ៍របស់Vitamin Aចំពោះស្បែក
  • ប្រឆាំងនឹងរ៉ាឌីកាល់សេរីដោយប្រយុទ្ធទៅនឹងការប្រមូលផ្ដុំរបស់បាក់តេរីដែលបង្កអោយឡើងមុន
  • ជំរុញកោសិការស្បែកឲ្យលូតលាស់ជាថ្មី ធ្វើអោយស្បែកទន់រលោង និងស្បែកមានសុខភាព
  • ជួសជុលស្រទាប់អេពីឌែម(ស្រទាប់លើបង្អស់នៃស្បែក)អោយមានដំណើរការឡើងវិញឬមានសុខភាពឡើងវិញដើម្បីការពារស្បែកប្រឆាំងនឹងកាំរស្មីយូវី(UV)
  • ជួយរក្សាសំណើមរបស់ស្បែក ហើយធ្វើអោយស្បែកភ្លឺរលោង
  • ជំនួយដល់ការផលិតកូឡាជែន ដែលជួយកាត់បន្ថយការលេចឡើងនៃស្នាមផ្នត់និងជ្រីវជ្រួញនៃស្បែក

តើវីតាមីនA ប្រភេទណាដែលមាននៅក្នុងផលិតផលថែរក្សាស្បែក?

ផលិតផលថែរក្សាស្បែកជាច្រើនប្រភេទទាក់ទាញអោយអតិចិជនទិញផលិតផលរបស់ខ្លួនដោយលើកពីអត្ថប្រយោជន៍របស់វីតាមីនA ក្នុងការព្យាបាលមុនដោយដាក់វានៅក្នុងគ្រឿងផ្សំរបស់ផលិតផលពួកគេ។ ខាងក្រោមនេះជាប្រភេទនៃវីតាមីន A មួយចំនួនដែលត្រូវបានគេប្រើជាទូទៅនៅក្នុងផលិតផលថែរក្សាស្បែក៖

រ៉េទីណុល(Retinol)

រេទីណុល(Retinol) គឺជាទម្រង់នៃវីតាមីនA ជាក់លាក់មួយដែលត្រូវបានបង្កើតឡើងដោយរាងកាយរបស់អ្នក។ នៅពេលដែលអ្នកលាបវា អង់ស៊ីមនៅក្នុងស្បែករបស់អ្នកបំលែងរេទីណុលទៅជាretinaldehyde រួចបំលែងទៅជាអាស៊ីត retinnoic។ រេទីណុលត្រូវទទួលរងបំលែង២ដងសិនមុនពេលដែលស្បែកអាចយកទៅប្រើប្រាស់បាន។ រេទីណុល(retinol) ត្រូវការប្រើពេលយូរទើបឃើញលទ្ធផល ហើយវាក៏មានផលប៉ះពាល់តិចតួចផងដែរ។ ការបំលែងរេទីណុលអោយក្លាយទៅជា retinoic acid អាចត្រូវការពេលយ៉ាងហោចណាស់ពីរទៅបីសប្តាហ៍។ នេះហើយជាមូលហេតុដែលអ្នកគួរតែប្រើផលិតផលដែលមាន retinol ២ទៅ៣ខែអោយបានជាប់លាប់ទើបអាចឃើញលទ្ធផលរំពឹងទុក។ រេទីណុលត្រូវបានបំបែកយ៉ាងឆាប់រហ័សនៅពេលដែលវាប៉ះនឹងអុកស៊ីហ្សែន ហើយវានឹងបាត់បង់ប្រសិទ្ធភាពនៅពេលដែលវាប៉ះទៅនឹងខ្យល់ម្តងទៀត។
Pro-Retinol
ផលិតផលថែរក្សាស្បែកមួយចំនួនមានផ្ទុកសារធាតុ ប្រូរេទីណុល(Pro-Retinol) ដែលពាក្យដែលគេប្រើនៅក្នុងភាសាពាណិជ្ជកម្មថា retinyl actate។ ស្បែកអាចបំលែងសារធាតុនេះទៅជាវីតាមីន A ដែលរាងកាយអាចប្រើប្រាស់បានយ៉ាងងាយស្រួល ប៉ុន្តែភាគច្រើននៃផលិតផលទាំងនោះមិនត្រូវបានជ្រាបចូលឬប្រើប្រាស់ដោយស្បែកទេ។

រេទីនA

រេទីនA ជាក្រែមTretinoin ដែលត្រូវការចេញវេជ្ជបញ្ជាទិញថ្នាំពីអ្នកឯកទេសឬវេជ្ជបណ្ឌិតទើបអាចទិញយកមកប្រើប្រាស់បាន។ Tretinoinគឺជាឈ្មោះមួយផ្សេងទៀតរបស់retinoic acid ពីព្រោះវាបង្កើតចេញពីអាស៊ីត retinoic ហើយរេទីនA មិនត្រូវការបំបែកដោយអង់ស៊ីមនៅក្នុងស្បែករបស់អ្នកទេ។ ស្បែកអាចយកវាទៅប្រើបានដោយមិនចាំបាច់បំបែក។ ផលិតផលរេទីនAសុទ្ធគឺខ្លាំងជាងក្រែមរេទីនA កំរិតមធ្យម ១០០ដង។ លោកអ្នកអាចទិញក្រែមរេទីនA យកមកប្រើបានដោយមិនចាំបាច់មានវេជ្ជបញ្ជា។ ភាពខ្លាំងរបស់ផលិតផលរេទីន A សុទ្ធអាចធ្វើអោយអ្នកទទួលបានលទ្ធផលលឿនហើយមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ(កាត់បន្ថយស្នាមជាំ កាត់បន្ថយស្បែកជ្រីវជ្រួញ និងជួយអោយភាពបត់បែននៃស្បែកមានសភាពរស់រវើក) ប៉ុន្តែក៏មានផលប៉ះពាល់ធំផងដែរ។ ដោយសារតែភាពខ្លាំងរបស់វា រេទីនA អាចបង្កអោយឡើងរមាស់ ស្នាមស្រែង រលាក របកស្បែក និងធ្វើអោយឡើងក្រហមខ្លាំងនៅពេលដែលអ្នកចាប់ផ្តើមប្រើថ្នាំនោះលើកដំបូង។ ជាទំលាប់ អ្នកឯកទេសរោគសើរស្បែកចេញវេជ្ជបញ្ជាអោយប្រើរេទីនA ដើម្បីព្យាបាលមុន។ អ្នកឯកទេសសើរស្បែកក៏ចេញវេជ្ជបញ្ជាអោយប្រើរេទីនA ក្នុងករណីដែលអ្នកជម្ងឺទទូចចង់ប្រើវាដើម្បីបំបាត់ស្នាមផ្នត់នៃស្បែកនិងបង្តឹងស្បែក។
រូបភាពគំរូ

រេទីណូអ៊ីតគឺជាគ្រឿងផ្សំដែលមានប្រសិទ្ធភាពដ៏អស្ចារ្យសម្រាប់ធ្វើអោយសម្បុរមុខនៅតែក្មេងដដែល។ វាពិតជាការចាំបាច់ដែលអ្នកត្រូវពិនិត្យពិចារណាទៅលើបញ្ហាស្បែកនិងប្រភេទស្បែករបស់អ្នកមុននឹងប្រើវា។ ប្រសិនបើអ្នកកំពុងតែស្វែងរកការព្យាបាលមុនយុវវ័យរបស់អ្នកព្រមទាំងប្រយុទ្ធនឹងស្នាមជ្រីវជ្រួញផងនោះ អ្នកគួរតែពិចារណាជជែកជាមួយនឹងអ្នកឯកទេសរោគសើរស្បែកអំពីរេទីនA។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកគ្រាន់តែចង់រកផលិតផលដើម្បីពន្យារភាពចាស់ឬអ្នកមានប្រភេទស្បែកងាយរងប្រតិកម្ម អ្នកអាចព្យាយាមរកផលិតផលណាដែលមានបញ្ចូលរេទីណុលជាគ្រឿងផ្សំ។ សូមចងចាំថា រេទីណូអ៊ីតធ្វើអោយស្បែកកាន់តែមានប្រតិកម្មជាមួយនឹងកំដៅព្រះអាទិត្យ។ ដូចនេះអ្នកត្រូវតែប្រាកដថាអ្នកប្រើផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យជាប្រចាំនៅពេលដែលអ្នកកំពុងព្យាបាលស្បែកដោយរេទីណូអ៊ីត។

សន្និដ្ឋាន

ចំពោះការព្យាបាលមុន វីតាមីនA គ្រាន់តែជាបំនែកមួយនៃបង្គំទាំងមូលប៉ុនោះ។ ជាការពិត វីតាមីនA ពិតជាអាចយកមកព្យាបាលមុនបាននៅពេលដែលអ្នកប្រើវាក្នុងបរិមាណត្រឹមត្រូវ។ វីតាមីនផ្សេងៗទៀតដូចជា B5 ជាដើម ក៏ដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលមុនផងដែរ។ វីតាមីនទាំងនោះមិនអាចដោះស្រាយរាល់បញ្ហាស្បែកបានទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីស្បែករបស់អ្នកត្រូវការវីតាមីនទាំងនោះ។
របបអាហារក៏មានឥទ្ធិពលទៅលើការព្យាបាលមុនផងដែរ។ ចំពោះការហូបចុកអ្នកត្រូវប្រាកដថារបបអាហាររបស់អ្នក អាចអោយអ្នកទទួលបានវីតាមីនA គ្រប់គ្រាន់។ អ្នកឯកទេសខាងសុខភាពបានណែនាំថានៅក្នុងរបបអាហារតម្រូវឲ្យមានការបរិភោគអាហារដែលពោរពេញទៅដោយ Beta-carotene បន្លែ និងផ្លែឈើជាដើម។
ប្រសិនបើអ្នកចង់ទទួលបានលអត្ថប្រយោជន៍ពីវីតាមីន A ដើម្បីព្យាបាលមុន វាជាការល្អបំផុតដែលអ្នកគួរតែទាញយកវាពីប្រភពធម្មជាតិដូចជាអាហារ បន្លែសរីរាង្គជាដើម។ ជៀសវាងការប្រើប្រាស់ថ្នាំជំនួយនិងប្រុងប្រយ័ត្នចំពោះផលិតផលថែរក្សាស្បែកមួយចំនួនដែលប្រើប្រាស់វីតាមីននេះក្នុងកំរិតមិនសមស្រប។


ដកស្រង់​ចេញ​ពី:
-          https://stackedskincare.com
-          https://www.livescience.com
-          https://www.bioclarity.com
បកប្រែដោយ Kim Muy
កែសម្រួលដោយ​ Berry

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments