យល់ដឹង​ពី​Sunscreen​ - ហេតុអ្វី​បាន​ជា​អ្នក​ចាំបាច់​ប្រើ​Sunscreen?

By BeiLover - September 02, 2019

នៅក្នុងអត្ថបទនេះនឹងបង្ហាញលោកអ្នកអោយយល់ច្បាស់អំពីផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ សារៈប្រយោជន៍ របៀបប្រើប្រាស់ និងផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ។

តើផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ(sunscreen)ជាអ្វី?ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រើវា?


នៅពេលដែលស្បែកយើងនៅក្រោមកំដៅរយៈពេលយូរដោយមិនបានប្រើផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យនោះវានឹងចាប់ផ្តើមឡើងក្រហម ហើយឈានទៅដល់ការឡើងរោលរលាក។
ផលិតផលការពារកំពារស្បែកពីកំដៅព្រះអាទិត្យ(sunscreen)គឺជាផលិតផលដែលការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីUVAនិងUVB របស់ព្រះអាទិត្យ។ កាំរស្មីUVB ប៉ះនឹងស្រទាប់អេពីឌែម(ស្រទាប់ខាងលើបំផុត)របស់ស្បែក ដែលធ្វើអោយស្រទាប់ខាងលើរបស់ស្បែកឡើងក្រហម ក្រហាយរមាស់ រោលឬរលាក ហើយយូរៗទៅបង្កអោយកើតមានអាចម៍រុយ ជាំមុខ និងបង្កអោយកើតជំងឺមហារីកស្បែកជាដើម។ ចំនែកឯកាំរស្មីUVAអាចចូលយ៉ាងជ្រៅដល់ស្រទាប់ឌែមរបស់ស្បែក(Dermis Layer) ហើយវាយប្រហារDNAនៃកោសិការស្បែកដែលធ្វើអោយស្បែកឆាប់ចាស់ជ្រីវជ្រួញ យារ  ស្បែកឡើងក្រិន ហើយអាចឈានទៅរកជម្ងឺមហារីកស្បែកជាដើម។
យើងតែងតែឃើញអក្សរSPF ហើយនឹង PA នៅលើសំបកដប កំប៉ុងឬ កញ្ចប់នៃផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ។តើSPF និងPA មានន័យដូចម្តេច?
SPF តំណាងអោយ Sun Protection Factor វាជារង្វាស់ដែលបង្ហាញពីរយៈពេលដែលផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យការពារស្បែកយើងពីកាំរស្មីUVB របស់ព្រះអាទិត្យ។ PAគឺជាសន្ទស្សន៍ស្តង់ដារនៃកំរិតការពារស្បែកពីកាំរស្មី UVAរបស់ព្រះអាទិត្យ។
គ្មានផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យណាដែលអាចទប់ស្កាត់កាំរស្មីUVBរបស់ព្រះអាទិត្យបានទាំងស្រុងទេ។ ទោះបីជាយ៉ាងណាក៏ដោយភាគរយនៃការទប់ស្កាត់កាំរស្មីUVBរបស់ព្រះអាទិត្យមានដូចជា៖
 • SPF 15 អាចជួយការពារស្បែកពីកាំរស្មីUVBរបស់ព្រះអាទិត្យប្រហែលជា93%
 • SPF 30 អាចជួយការពារស្បែកពីកាំរស្មីUVBរបស់ព្រះអាទិត្យប្រហែលជា97%
 • SPF 5០ អាចជួយការពារស្បែកពីកាំរស្មីUVBរបស់ព្រះអាទិត្យប្រហែលជា98%
 • SPF 100អាចជួយការពារស្បែកពីកាំរស្មីUVBរបស់ព្រះអាទិត្យតែ99%ប៉ុណ្ណោះ
ដូចដែលបានរៀបរាប់ពីភាគរយនៃការការពារស្បែកពីកាំរស្មីUVBរបស់SPFមកខាងលើ នោះមិនមានន័យថាSPF កាន់តែខ្ពស់ នោះអ្នកនឹងទទួលបានការពារស្បែកពីកំដៅព្រះអាទិត្យកាន់តែខ្ពស់ទេ។ ព្រោះកំរិតSPF មិនសំដៅទៅលើកំរិតនៃការការពាស្បែកពីកំដៅព្រះអាទិត្យដែលអ្នកនឹងទទួលបាននោះទេ ព្រោះសំដៅទៅលើរយៈពេលដែលអ្នកត្រូវលាបផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យម្តងទៀត។

ប្រភេទនៃផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ(sunscreen)

ផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ(Sunscreen)មានច្រើនដូចជា sun cream, sun lotion, sun gel sun stick, sun spray និងSun cushion ជាដើម។ តែទោះបីជាយ៉ាងនេះក្តី វាត្រូវបានគេចែកចេញជា៣ប្រភេទ មានPhysical sunscreen, chemical sunscreenនិងhybrid sunscreen

1. Physical Suncreen ឬsun block

Physical sunscreenធ្វើអោយមានពណ៌សនៅលើស្បែក ព្រោះវាផ្សំដោយហ្សីន អុកសាយ(zinc oxide) និង ទីតានៀម ឌីអុកសាយ(titanium dioxide)។ គ្រឿងផ្សំទាំងពីរនេះមិនជ្រាបចូលទៅក្នុងស្បែកទេ វាស្ថិតនៅលើស្បែករបស់ហើយបង្កើតជារបាំងការពារស្បែកពីកាំរស្មីUVរបស់ព្រះអាទិត្យ។ Physical sunscreenអាចការពារស្បែកបានភ្លាមៗបន្ទាប់ពីលាបរួច វាមិនត្រូវការពេលដើម្បីជ្រាបចូលស្បែកទេ។ ផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យប្រភេទនេះសាកសមជាមួយអ្នកដែលមានស្បែកងាយរងប្រតិកម្ម និងអ្នកដែលមានសម្បុរសល្មម។ចំពោះអ្នកដែលមានស្បែកងាយរងប្រតិកម្ម Sunscreenប្រភេទនេះមិនធ្វើអោយស្បែកឡើងក្រហម។ គុណវិបត្តិរបស់វាគឺវាមិនចូលទៅក្នុងស្បែក ហើយធ្វើអោយមានពណ៌សនៅលើស្បែក។ ប្រសិនបើអ្នកធ្វើការផាត់មុខបន្ទាប់ពីលាបវា វានឹងធ្វើអោយគ្រឿងសំអាងមិនអាចចូលក្នុងស្បែកមុខបានល្អ ជាពិសេសក្នុងករណីដែលអ្នកប្រើម៉្សៅទ្រនាប់លាបពីលើវានោះធ្វើអោយមុខអ្នកមានម្ស៉ៅឡើងក្រាស់។

2. Chemical Sunscreen

Chemical sunscreen ផ្សំឡើងពីសារធាតុគីមីមានដូចជា Octocrylene, avobenzone, Octinoxate/ethylhexyl methoxycinnamate ជាដើម។ chemical sunscreen អាចជ្រាបចូលក្នុងស្បែកបានយ៉ាងល្អ វាអាចជ្រាបចូលដល់ស្រទាប់អេពីឌែម(epidermis layer)និងស្រទាប់ឌែម(dermis layer)របស់ស្បែក ដោយមិនបន្សល់ពណ៌សលើមុខទេ។ ប៉ុន្តែ វាអាចធ្វើអោយមុខឡើងក្រហមបន្តិចប្រសិនបើអ្នកមានប្រភេទស្បែកងាយរងប្រតិកម្ម។
តើchemical sunscreenធ្វើការយ៉ាងដូចម៉េ្តច?
Chemical sunscreen ស្រូបយកកាំរស្មី UVរបស់ព្រះអាទិត្យហើយបំលែងទៅជាកំដៅ បន្ទាប់មកវាត្រូវបានបញ្ចេញមកក្រៅស្បែកវិញជាកាំរស្មីអ៊ីនហ្រ្វារេដ។ ឬយើងអាចនិយាយថា  Chemical sunscreen អាចជ្រាបចូលក្នុងស្រទាប់អេពីឌែម(ស្រទាប់លើគេបង្អស់របស់ស្បែក)និងស្រទាប់ឌែមរបស់ស្បែក វាស្រូបយកកាំរស្មីUVរបស់ព្រះអាទិត្យ មុនពេលដែលកាំរស្មីនោះចូលទៅបំផ្លាញស្រទាប់ទី២របស់ស្បែក។ Chemical Sunscreen ត្រូវការពេលដើម្បីជ្រាបចូលទៅក្នុងស្បែក ដូចនេះអ្នកគួរតែលាបSunscreen រួចក្នុងរយៈ១៥ទៅ៣០នាទីមុនពេលចេញក្រៅ។

3.     Hybrid Sunscreen

Physical sunscreen និងChemical sunscreenបញ្ចូលគ្នាបង្កើតជាHybrid Sunscreen។ វាជាSunscreen ដែលល្អបំផុត។ ប៉ុន្តែទោះយ៉ាងណាក៏ដោយយើងត្រូវជ្រើសរើសSunscreen ដែលសាកសមនឹងស្បែករបស់យើង។

តើយើងនៅក្រោមកំដៅថ្ងៃរយៈពេលប៉ុន្មាននាទីទើបស្បែកយើងចាប់ផ្តើមឡើងក្រហមនិងរោលរលាក?

ចំលើយគឺ វាអាស្រ័យលើពណ៌សម្បុររបស់ស្បែក ប្រភេទស្បែកនិង សន្ទស្សន៍កម្មរស្មីស្វ័យអុលត្រារបស់ព្រះអាទិត្យ។

សន្ទស្សន៍កម្មរស្មីស្វ័យអុលត្រារបស់ព្រះអាទិត្យ

អ្នកអាចមើលសន្ទស្សន៍កម្មរស្មីស្វ័យអុលត្រារបស់ព្រះអាទិត្យតាមរយៈមើលរបាយការណ៍អាកាសធាតុប្រចាំថ្ងៃ។ សន្ទស្សន៍កម្មរស្មីស្វ័យអុលត្រាមានចាប់ពី ០ទៅ១១។ កំរិតពី០ទៅ២ជាកំរិតដែលមានសន្ទស្សន៍កម្មរស្មីស្វ័យអុលត្រាទាប។ ចាប់ពីកំរិត៣ទៅ១១គឺជាសន្ទស្សន៍កម្មរស្មីស្វ័យអុលត្រាខ្ពស់ដែលកំរិតនេះកើតមានចន្លោះចាប់ពីម៉ោង១០ព្រឹកទៅម៉ោង៤ល្ងាច។ សន្ទស្សន៍កម្មរស្មីស្វ័យអុលត្រាកាន់តែខ្ពស់មានន័យថាកម្មរស្មីស្វ័យអុលត្រាកាន់តែខ្លាំងដែរ។ យើងអាចប្រើវិធីងាយៗដើម្បីវាស់សន្ទស្សន៍កម្មរស្មីស្វ័យអុលត្រារបស់ព្រះអាទិត្យដោយមើលស្រមោល កាលណាយើងឈរហាលក្តៅ ហើយឃើញស្រមោលយើងកាន់តែខ្លី នោះសន្ទស្សន៍កម្មរស្មីស្វ័យអុលត្រារបស់ព្រះអាទិត្យកាន់តែខ្ពស់ ជាពិសេសនៅចន្លោះចាប់ពីម៉ោង១១ព្រឹកដល់ម៉ោង២ថ្ងៃត្រង់ គឺជាពេលដែលថ្ងៃនៅចំពីលើក្បាល។ បើស្រមោលកាន់តែវែង នោះសន្ទស្សន៍កម្មរស្មីស្វ័យអុលត្រារបស់ព្រះអាទិត្យកាន់តែទាប កាំរស្មីUV ក៏កាន់តែខ្សោយដែរ។និយាយរួមថ្ងៃក្តៅកាន់តែខ្លាំង ស្បែកយើងកាន់តែឆាប់ឡើងក្រហមនិងរោលរលាកកាន់តែលឿន។

សម្បុរស្បែក

រយៈពេលដែលធ្វើអោយស្បែករបស់អ្នកឡើងក្រហមឬរលាកក៏អាស្រ័យទៅលើពណ៌សម្បុរស្បែករបស់យើងផងដែរ។
ប្រសិនបើអ្នកមានស្បែក៖

 •          សំបុរសរទៅសខ្ចីខ្លាំង នោះស្បែករបស់អ្នកនឹងចាប់ផ្តើមឡើងក្រហមនៅពេលដែលអ្នកនៅក្រោមកំដៅព្រះអាទិត្យចាប់ពី៥ទៅ១០នាទី
 •           សម្បុរសណ្តែកបាយ នោះស្បែករបស់អ្នកនឹងចាប់ផ្តើមឡើងក្រហមនៅពេលដែលអ្នកនៅក្រោមកំដៅព្រះអាទិត្យចាប់ពី១៥នាទី
 •           សម្បុរខ្មៅ ឬខ្មៅខ្លាំង នោះស្បែករបស់អ្នកនឹងចាប់ផ្តើមឡើងក្រហមនៅពេលដែលអ្នកនៅក្រោមកំដៅព្រះអាទិត្យចាប់ពី២០នាទី
ទោះបីជាយ៉ាងនេះក្តី សំបុររបស់យើងនឹងប្រែទៅជាពណ៌ទៅជាស្រគំ ឬខ្មៅជាងមុនបើទោះបីជាស្បែកយើងមិនទាន់ឡើងក្រហមក៏ដោយ។
វិធីគណនារយៈពេលដែលផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យអាចការពារស្បែកពីកាំរស្មីUVរបស់ព្រះអាទិត្យ
ដើម្បីគណនារយៈពេលដែលផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យអាចការពារស្បែកពីកាំរស្មីUVរបស់ព្រះអាទិត្យ យើងត្រូវយករយៈពេលមុនពេលដែលស្បែកឡើងក្រហមដោយនៅក្រោមកំដៅព្រះអាទិត្យគុណនឹងកំរិតSPF
រយៈពេលដែលផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ = រយៈពេលមុនពេលដែលស្បែកឡើងក្រហមដោយនៅក្រោមកំដៅព្រះអាទិត្យ x កំរិតSPF
ឧទាហរណ៍ថា អ្នកមានសំបុរស ហើយអ្នកប្រើឡេការពារស្បែកពីកំដៅព្រះអាទិត្យដែលមានSPF 35 PA++។ ដោយសារអ្នកមានសំបុរសរ នោះស្បែករបស់អ្នកនឹងចាប់ផ្តើមឡើងក្រហមនៅពេលដែលអ្នកនៅក្រោមកំដៅព្រះអាទិត្យរយៈពេល១០នាទី ។
នោះមានន័យថារយៈពេលដែលឡេនោះការពារស្បែកអ្នកពីកំដៅព្រះអាទិត្យ= 10 x 35 = 350 mn = 5h 50mn សន្មតថាអ្នកប្រើឡេការពារកំដៅព្រះអាទិត្យបានត្រឹមត្រូវ។
ប៉ុន្តែ មានកត្តាមួយចំនួនដែលកាត់បន្ថយរយៈពេលនៃកាការពារស្បែកពីកំដៅព្រះអាទិត្យរបស់ផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យមានដូចជា៖
 • កំរិតនៃការបែកញើសឬការទទឹកទឹកឬហែលទឹក
 • សកម្មភាពផ្សេងៗទៀតដែលយើងជូតឬត្រដុសផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យចេញពីស្បែកមានដូចជាការយកក្រដាសទន់មកជូតញើសលើមុខជាដើម
 • កត្តាបរិស្ថាននិងកត្តាផ្សេងៗទៀត។
ដូចនេះ យើងគួរតែប្រើផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យរៀងរាល់២ម៉ោងម្តង។ ប៉ុន្តែចំពោះអ្នកដែលហែលទឹកឬបែកញើសច្រើនហូរដូចទឹក អ្នកគួរតែប្រើផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យរៀងរាល់៤០ទៅ៨០នាទីម្តងទៅតាមផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យដែលអ្នកប្រើ។ ព្រោះមានផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យខ្លះអាចវាធន់នឹងទឹកឬ ការបែកញើស ហើយអាចផ្តល់ការការពារស្បែករហូតដល់៤០នាទីនិងខ្លះទៀត៨០នាទី។

របៀបប្រើផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ

បរិមាណផលិតផលការពារកំដៅព្រះអាទិត្យដែលយើងត្រូវលាប

គ្មានកំរិតស្តង់ដាអន្តរជាតិណាដែលដាក់កំរិតក្នុងការប្រើផលិតផលការពារកំដៅព្រះអាទិត្យអោយបានជាក់លាក់សម្រាប់អ្នកប្រើប្រាស់ទេ។ តាមការពិសោធន៍ គេសន្មតអោយប្រើវា២មីលីក្រាមក្នុង១សង់ទីម៉ែត្រការ៉េ។ អាចនិយាយថា បរិមាណដែលត្រូវលាបផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យនៅលើផ្ទៃមុខគឺ1/4ស្លាបព្រាកាហ្វេ។ ¼ស្លាបព្រាកាហ្វេគឺប្រហែល 1.23ក្រាម។ ប្រសិនបើអ្នកប្រើវាដូចដែរបានសន្មតនោះអ្នកនឹងទទួលបានការការពារស្បែកពីកាំរស្មីព្រះអាទិត្យយ៉ាងមានប្រសិទ្ធភាពខ្ពស់ដូចដែលបានរំពឹងទុក។
ច្បាប់នៃ៩(rule of nines) ត្រូវបានប្រើដើម្បីប៉ាន់ប្រមាណទំហំនៃការរលាករបស់អ្នកប្រើប្រាស់ដែលគិតជាភាគរយនៃផ្ទៃរាងកាយ។ ម្រាមដៃត្រូវបានគេប្រើជាឯកត្តាសម្រាប់វាស់បរិមាណនៃគ្រីម ឬប្រេង ឬក្រមួនដែលត្រូវបានប្រើនៅក្នុងស្បែករោគវិទ្យា ដោយច្របាច់អូសដាក់លើម្រាមដៃពីគន្លាក់ម្រាមដៃរហូតដល់ចុងម្រាមដៃ។
សម្រាប់ច្បាប់នៃ៩(rule of nines) ស្បែករាងកាយចែកចេញជា១១ផ្នែក។ ក្នុងផ្នែកនិមួយៗត្រូវលាបSunscreen ២មីលីក្រាមក្នុង១សង់ទីម៉ែត្រការ៉េដោយច្របាច់អូស Sunscreen ដាក់លើម្រាមដៃចង្អុលនិងដៃកណ្តាលពីករដៃរហូតដល់ចុងម្រាមដៃ។ បរិមាណនៃការលាបSunscreenដោយច្របាច់អូសវាលើម្រាមដៃទាំងពីរនេះគឺជាបរិមាណប្រហាក់ប្រហែលដែលខាងបន្ទប់ពិសោធន៍កំនត់ថាជាបរិមាណដែលអាចការពារស្បែកពីកាំរស្មីព្រះអាទិត្យយ៉ាងពេញលេញបាន។

ផ្នែករាងកាយរបស់ច្បាប់នៃ៩

1 ក្បាល ករ និងមុខ
2 ដៃខាងឆ្វេង
3 ដៃខាងស្តាំ
4 ខ្នងផ្នែកខាងលើ
5 ខ្នងផ្នែកខាងក្រោម
6 ទ្រូង(ខ្លួនខាងមុខផ្នែកខាងលើ)
7 ពោះ(ខ្លួនខាងមុខផ្នែកខាងក្រោម)
8 ភ្លៅខាងឆ្វេង
9 ភ្លៅខាងស្តាំ
10 ជើងខាងឆ្វេងចាប់ពីជង្គង់ចុះមកក្រោម
11 ជើងខាងស្តាំចាប់ពីជង្គង់ចុះមកក្រោម
ចំពោះផ្ទៃមុខ យើងអាចច្របាច់វាដាក់លើម្រាមដៃចង្អុលប្រវែង២ថ្នាំងដៃ។តើយើងប្រើSunscreen នៅពេលណា

ធូនឺរ(Toner) -> សេរ៉ូម(Serum) -> ផលិតផលផ្តល់សំនើមដល់ស្បែក(Moisturizer)-> ផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ(Sunscreen)
ជំហ៊ាននៃការថែរក្សាស្បែកនៅពេលព្រឹកគឺ យើងលាបក្រោយពីប្រើផលិតផលថែរក្សាស្បែករួច និងមុនពេលផាត់មុខ(ប្រើគ្រឿងសំអាង)។
ពេលវេលាក្នុងការប្រើSunscreen គឺជាកូនសោរគន្លឹះនៃការការពារស្បែករបស់Sunscreen។ ប្រសិនបើអ្នកប្រើphysical Sunscreen អ្នកអាចចេញក្រៅភ្លាមដោយមិនចាំបាច់រងចាំ ព្រោះវាអាចការពារបានភ្លាមៗបន្ទាប់ពីយើងលាបវារួច។ ប៉ុន្តែបើអ្នកប្រើ chemical sunscreen ឬ hybrid sunscreen អ្នកចាំបាច់ត្រូវតែលាបវា១៥ទៅ៣០នាទីមុនពេលចេញក្រៅត្រូវកំដៅព្រះអាទិត្យ។ធ្វើដូចនេះទើបវាអាចជ្រាបចូលក្នុងស្បែករបស់យើងនិងការពារស្បែករបស់អ្នកពីកំដៅព្រះអាទិត្យបាន។
UVA អាចឆ្លងកាត់កញ្ចក់បានព្រមទាំងអាចចូលក្នុងទឹកជម្រៅ១ម៉ែត្របាន។ មិនថាមេឃក្តៅ ឬ មេឃស្រទុំ រដូវក្តៅ ឬរដូវរងារ និងកំពុងតែហែលទឹកនោះទេ អ្នកត្រូវតែប្រើSunscreenទោះបីជាមេឃស្រទុំក៏ដោយក៏កាំរស្មីUVរបស់ព្រះអាទិត្យអាចមាននៅលើផែនដីរហូតដល់៤០%។

ស្រាយចំងល់

សំនួរដែលពេញនិយមបំផុតទាក់ទងនឹងSunscreen
 •      តើការប្រើផលិតផលដែលមានSPF ច្រើនមុខបញ្ចូលគ្នាក្នុងពេលតែមួយអាចជួយអោយការការពាស្បែកពីកាំរស្មីព្រះអាទិត្យកាន់តែយូរ?
 •       ហេតុអ្វីបានជាមិនគួរប្រើផលិតផលដែលមានSPFនៅពេលយប់?
 •        តើsunscreen អាចបណ្តាលអោយយើងកើតមុន?

សន្និដ្ឋាន

Sunscreen អាចការពារស្បែកពីកាំរស្មីព្រះអាទិត្យនិងការបំផ្លាញស្បែកដោយកាំរស្មីព្រះអាទិត្យបាន។ ដូចនេះអ្នកគប្បីចេះលាបSunscreenអោយបានត្រឹមត្រូវ និងលាបវារៀងរាល់ពីរម៉ោងម្តងមិនថាអាកាសធាតុបែបណាទេ លើកលែងតែពេលយប់ដែលអ្នកមិនចាំបាច់លាបវា។ ប៉ុន្តែទោះបីជា Sunscreenអាចការពារស្បែកពីកាំរស្មីព្រះអាទិត្យក៏ដោយក៏វាមិនអាចការពារស្បែកមិនអោយប្រែស្រគាំបន្តិចបានទេ។ វាអាចបណ្តាលអោយសំបុរប្រែជាទៅជាខ្មៅបន្តិចបន្តួចបានដែរ ប្រសិនបើអ្នកនៅក្រោមពន្លឺព្រះអាទិត្យរហូតដល់១ម៉ោង។ តែមិនមែនមានន័យស្បែកមិនទទួលបានការការពារពីsunscreenនោះទេ ។
ប្រសិនជាអាចអ្នកគួរតែពាក់វែនតាមានប្រភេទកញ្ចក់ការពារកាំរស្មីព្រះអាទិត្យ ពាក់មួក ឬបាំងឆ័ត្រ និងពាក់ខោអាវអោយជិតល្អនៅពេលដែលអ្នកចេញក្រៅត្រូវពន្លឺព្រះអាទិត្យ។

 • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments