តើ​ការ​ផាត់មុខ​អាច​បង្ក​អោយ​កើត​មុន​ដែរ​ឬទេ?

By BeiLover - September 01, 2019



មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​អោយ​កើត​មុន​នៅ​លើ​ផ្ទៃ​មុខ កត្តា​ទាំង​នោះ​មាន​ដូច​ជា​កត្តា​សរីរាង្គ ការ​ស្ត្រេស​ របប​អាហារ​ និង​ការ​ប្រើប្រាស់​គ្រឿង​សំអាង​ឬ​ផលិតផល​ថែរក្សា​ស្បែក​មិន​បាន​ត្រឹម​ត្រូវ​ជា​ដើម។​
អត្ថបទ​នេះ​នឹង​ពន្យល់​អ្នក​អំពី​មូល​ហេតុ​ដែល​ការ​ផាត់មុខ​អាច​បង្ក​អោយ​កើត​មុន​ ដោយ​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ដែល​ការ​ផាត់​មុខ​បង្ក​អោយ​ឡើង​​មុន។ ពួក​យើង​នឹងណែនាំ​អំពី​វិធី​បង្ការ​មិន​អោយ​ឡើង​មុន​ដោយសារ​​ការ​ផាត់មុខនិង​​ដំណោះ​ស្រាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឡើងមុន​នោះទៀត​ផង។

តើ​មុន​ជា​អ្វី?

មុន​កន្ទួល​ក្រហម​ខ្ទុះ​  មុន​ក្បាល​ខ្មៅ និង​មុន​កន្ទួល​ក្រហម​កើត​ឡើង​ដោយ​សារ​ការ​ស្ទះ​រន្ធរោម។ ខ្លាញ់ឬប្រេង​​និង​កោសិកាស្បែក​ងាប់ៗ​កក​​​នៅក្នុង​រន្ធរោម ហើយ​​​ប្រែ​ ​ជា​ពណ៌​ក្រហមហើយ​​រលាក​ព្រម​ទាំង​មាន​​ផ្ទុក​ទៅ​ដោយ​​​ខ្ទុះ ​ឬមាន​មេរោគ។​ កោសិការ​ងាប់ៗ​និង​ខ្លាញ់​កក​​​នៅ​ក្នុង​រន្ធរោម​មិន​ឡើង​ក្រហមហើយ​​​ក្លាយ​ជា​មុន​ក្បាល​ស។​​  មុន​ក្បាល​ខ្មៅ​កើត​ឡើង​នៅ​ពេល​ដែល​​​​កាក​សំនល់​ និង​ខ្លាញ់​ដែល​ធ្វើអោយ​​ស្ទះ​រន្ធរោមនោះ​កក​​​នៅ​ប្រហោង​រន្ធរោម​ខាងលើ​ហើយ​ធ្វើ​អោយ​រន្ធ​រោម​នៅ​តែ​បើក។ បន្ទាប់​មក​វា​ប្រែ​ជា​ពណ៌​ខ្មៅ​ដោយ​សារ​វា​ត្រូវ​នឹង​​​អុកស៊ីសែន​នៅ​ក្នុង​បរិយាកាស​ខាងក្រៅ។ ការ​គាប​សង្កត់​នៅ​ជុំ​វិញ​កោសិការ​​កើន​ឡើង​ហើយ​ខ្លាញ់​និង​កោសិការ​ងាប់ៗ​នោះបន្ត​កើន​ឡើង។ ប្រសិន​បើ​សង្កត់​ខ្លាំង​​ផ្នែក​នៃ​រន្ធរោម​នោះ​នឹង​បែក​ធ្លាយ។​​​  សមាសភាគ​ដែល​មាន​នៅ​ក្នុង​រន្ធរោម​នោះបានបែក​ធ្លាយ​ទៅ​​ក្នុង​ជុំវិញ​កោសិការ​ហើយ​សាយ​ភាយ​បាក់តេរី។ ស្បែក​ដែល​មាន​បញ្ហានោះ​​បាន​ឆ្លង​មេរោគ​បង្កើតបានជាដុំ​ពក​ក្រហម​ដែល​គេ​ស្គាល់​ថា​ជា​មុន​កន្ទួល​ក្រហម​ខ្ទុះ​ ឬមុន​កន្ទួល​ក្រហម។ រូប​រាង​មុន​មាន​ទម្រង់ ​និង​ទំហំ​ផ្សេងៗ​គ្នា​ ប៉ុន្តែ​ដើម​ហេតុ​ដែល​បង្ក​​អោយ​កើត​មុន​ទាំង​នោះ​គឺ​ដោយ​​ស្ទះ​រន្ធរោម។
មនុស្ស​ភាគ​ច្រើន​ធ្លាប់​កើត​មុន​ដោយសារទទួល​រង​​​ឥទ្ធិពល​នៃ​បញ្ហា​រន្ធរោម។​ ​រន្ធរោម​ដែល​មាន​សុខភាពល្អ ​ប្រហែល​ជា​អាច​បង្កើត​កោសិការ​ស្បែក​​ងាប់ៗ​១​ស្រទាប់​នៅ​ក្នុង​១​ថ្ងៃ​ ប៉ុន្តែ​សម្រាប់​​រន្ធរោម​ដែល​កើត​​​មុនអាច​​បង្កើត​កោសិការ​ស្បែក​ងាប់ៗ​៥​ស្រទាប់​នៅ​ក្នុង​១​ថ្ងៃ​។ រាងកាយ​មិន​អាច​បញ្ចេញ​ចោល​កោសិការងាប់ៗ​​បា​ន​លឿន​ដូច​បង្កើត​កោសិការ​ទេ​ ហេតុនេះ​ហើយ​វា​នឹង​បង្ក​អោយ​រាំង​ស្ទះរន្ធរោម។​
ចំនួន​នៃ​កោសិការ​ងាប់ៗ​ជា​ច្រើន​​បង្កើន​ការ​កក​ជាប់​នៅក្នុង​ពេញ​រន្ធរោម​ជាបន្តបន្ទាប់​ វាប្រៀប​​ដូចជា​ឆ្នុក​មួយ​ដែល​បិទមុខ​​​រន្ធរោម​។​  ក្រពេញ​បញ្ចេញ​ប្រេង​ ឬ​ខ្លាញ់​របស់​រន្ធ​រោម​បន្ត​ផលិត​ខ្លាញ់ ​ហើយ​ខ្លាញ់​នោះ​ស្ទះ​​ក្នុង​រន្ធរោម​​ក្លាយ​ជា​អ្នក​ផ្តល់សារធាតុ​ចិញ្ចឹម​ដល់​បាក់តេរី។ នេះ​ហើយ​ជា​ដំណើការ​បង្ក​អោយ​ឡើង​មុន​។​ លើស​ពី​នេះ​ទៅ​ទៀត​​ហ្សែន​ និង​អរម៉ូន​ក៏​ជា​មូលហេតុដ៏​សាមញ្ញ​​ដែល​បង្ក​​អោយ​កើត​មុន​ផង​ដែរ។ ការ​ភ្ញោច​​អរម៉ូន​អាច​ធ្វើ​អោយ​ក្រពេញ​​ប្រេង ​ឬ​ខ្លាញ់​​ផលិត​ខ្លាញ់​ច្រើន​លើសលុប។ ការ​ប្រែប្រួល​អរម៉ូនធ្វើ​អោយ​កើត​មុន ​ជា​ពិសេស​នៅ​ពេល​ពេញវ័យ​​ជំទង់​និង​​មាន​គក៌។​

តើ​ការ​ផាត់​មុខ​អាច​បង្ក​អោយ​កើត​មុន​កន្ទួល​ក្រហម​ខ្ទុះឬ​ទេ​?


ការ​ផាត់​មុខ​ក៏​ជាមូល​ហេតុ​បង្ក​អោយ​ឡើង​មុន​ផង​ដែរ។ ផលិតផល​ថែរក្សា​ស្បែក​មុខ​ គ្រឿង​សំអាង(លើកលែង​តែ​ផលិត​ផល​លាង​សំអាត​មុខ)​​ ផលិតផល​ការពារ​ស្បែក​ពី​កំដៅ​​ព្រះអាទិត្យ ហើយ​រួម​ទាំង​ភាព​កខ្វក់​នៅ​លើដៃ​​របស់​អ្នក​អាច​ធ្វើ​អោយ​ស្ទះ​រន្ធរោម។ ការ​ឡើង​មុន​ដោយ​ប្រើ​គ្រឿងសំអាងជាទូទៅ​ឡើង​រោល​នៅលើ​មុខ​ដោយ​លេច​ចេញ​ជា​​កន្ទួល​ក្រហម​តូច​ៗ ​ឬពក​តូចៗ​ពណ៌​ផ្កា​ឈូក ​​​ខ្លាញ់​ដែល​​​មាន​នៅ​លើជុំវិញ​មុនស្ថិត​នៅ​លើ​ថ្ងាស​ ចង្កា​ និង​ច្រមុះ​ ជាពិសេស​កន្លែង​ដែល​ងាយ​​ឆ្លង​មុន​(មុន​ដែល​កើត​ឡើង​ដោយ​គ្រឿង​សំអាង​) ​​ងាយ​នឹង​ឡើង​ក្រហម​​ដោយសារ​ប្រេង​ដែលផ្តល់​ដោយ​គ្រឿង​សំអាង។ មុន​ទាំងនោះ​អាច​មាន​ ឬ​មិន​មាន​ខ្ទុះ​ដែល​ឈាន​ទៅ​រក​ការ​រម៉ាស់ ​ឬ​ឡើង​គគ្រាត​នៅ​លើ​ស្បែក។ គ្រឿង​សំអាង​ដែល​មាន​ម៉ាក​ខុសៗ​គ្នា​គុណភាព​និង​គ្រឿង​ផ្សំ​ក៏​ខុសគ្នា​ដែរ។ ​ការ​ប្រើប្រាស់​​ផលិតផល​ខុស​អាច​​ធ្វើ​អោយ​មុន​កើន​ឡើង​កាន់​តែ​ច្រើនជាង​មុន។
តើ​គ្រឿង​ផ្សំ​នៅ​ក្នុង​ផលិតផល​គ្រឿង​សំអាង​ណា​មួយ​ដែល​អាច​បង្ក​អោយ​ឡើង​​មុន​?​

តាម​បទពិសោធន៍​ផលិតផល​ដែល​មាន​គ្រឿង​ផ្សំ​ធ្វើអោយ​ស្ទះ​រន្ធរោម​នឹង​បង្ក​អោយ​ស្បែក​មាន​បញ្ហា។ សម្រាប់​មនុស្ស​មួយ​ចំនួន​គ្រឿង​សំអាង​មាន​សក្តា​នុពល​បង្ក​អោយ​ឡើង​មុន​ ឬ​ធ្វើ​អោយ​មុន​ដែល​មាន​ស្រាប់​រាលដាល​កាន់តែ​ច្រើន។​ ពេល​ខ្លះ​អ្នក​​អាច​នឹងមានអារម្មណ៍​ថា​រមាស់​ហើយ​​ឡើង​រោល​ ឬ​ឡើង​មុន​ភ្លាមៗ​បន្ទាប់ពី​ពួក​គេ​ទើប​តែ​ផាត់មុខ​រួច​ភ្លាមៗ។ ដូច​នេះ​អ្នក​គប្បី​ស្វែង​យល់​អំពី​ស្បែក​របស់​អ្នក​អោយ​ច្បាស់​ថា​តើ​ស្បែក​របស់​អ្នក​មាន​ប្រតិកម្ម​ជា​មួយ​សារ​ធាតុ​ណា​មួយ​ឬទេ។​ ទោះ​ជាស្បែក​របស់​អ្នក​មាន​ប្រតិកម្ម ​ឬ​មិន​មាន​ប្រតិកម្ម​ជា​មួយ​សារធាតុ​ណា​មួយ​របស់​គ្រឿង​សំអាងក៏​ដោយ​​ ក៏​អ្នក​គួរ​តែ​ជៀសវាងប្រើ​​គ្រឿង​សំអាង​ដែល​មាន​ផ្ទុក​សារធាតុ​ដូចជា​៖
-        សារធាតុ​ធ្វើ​អោយ​ក្រអូប​និង​ល័ក្ខ: ទោះ​បីជា​ផលិតផល​ទាំង​នោះ​មាន​ក្លិន​ល្អ​និង​គួរ​អោយ​ស្រលាញ់​យ៉ាង​ណា​ក៏​ដោយ​ សារធាតុ​ធ្វើ​អោយ​ក្រអូប​និង​ល័ក្ខ​ទាំង​នោះ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ខ្លាំង​ដែល​អាច​ធ្វើ​អោយ​ស្បែក​ឡើង​ក្រហមជាពិសេស​​ចំពោះ​អ្នក​ដែល​មាន​ប្រភេទ​ស្បែក​ងាយ​រង​ប្រតិកម្ម​ឬ​ ស្បែក​ដែល​កើត​មុន​។​
-        អាល់កុល: អាល់​កុល​​ដែល​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​គ្រឿង​សំអាង​​​ដើម្បី​អោយ​គ្រឿង​សំអាង​ទាំង​នោះ​អាច​ចូល​ទៅ​ក្នុង​ស្បែក​បាន​ល្អ​​ដែល​អាច​​ជាប់​បាន​យូរ​ពេញ​មួយ​ថ្ងៃ។​ អាល់កុល​ជា​សមាសធាតុ​ធ្វើ​អោយ​ស្ងួតខ្លាំង​​និង​អាច​ធ្វើ​អោយ​ស្បែក​បាត់​បង់​ជាតិ​ទឹក​និង​ឡើង​រលាក​ក្រហម។​
-        Acrylics (សារធាតុ​សម្រាប់​សំយោគ​ធ្វើ​ជា​សំលៀក​បំពាក់​ឬ​របស់​ជ័រ​ផ្សេងៗ)​: acrylics ជួយ​អោយ​គ្រឿង​ផ្សំ​ទាំង​អស់​​ស្អិត​ជាប់​គ្នា​ល្អ​ ដូច​ជា​ដាក់​ប្លាស្ទិក​នៅ​លើ​ស្បែក​ហើយ​គ្រឿង​សំអាង​ដែល​មិន​បាន​ស្អិត​ជាប់​គ្នា​​បាន​ចូល​ក្នុង​រន្ធ​រោម​​​និង​ធ្វើ​អោយ​ស្ទះរន្ធរោម​។​​
-        ផារ៉ាបេន(Parabens): ជួយ​រក្សា​គុណភាព​របស់​គ្រឿង​សំអាង​និង​ទប់​ស្កាត់​មិនអោយ​ដុះ​ផ្សិត​។ Paraben អាច​បង្ក​អោយ​កើត​មុន​បាន​ដោយ​វា​រំខាន​ដល់​ប្រព័ន្ធ​អង់ដូគ្រីន( endocrine system)  ​ធ្វើ​អោយភ្ងោច​​អរម៉ូន​ និង​អាច​បណ្តាល​អោយ​កើត​ជម្ងឺ​មហារីក​ទៀត​ផង។​សារធាតុ​Paraben ដែល​អាច​មាន​នៅ​ក្នុង​គ្រឿង​សំអាង​មាន​ដូចជា​ methylparaben, butylparaben, propylparaben និងសារធាតុ​គីមី​ផ្សេងៗ​ដែល​មាន​អក្សរ​paraben នៅ​ខាង​ចុង​។​
-        ស៊ីលីកូន​: គ្រឿង​ផ្សំ​ប្រភេទ​នេះ​មាន​នៅ​ក្នុង​ម្សៅ​ទ្រនាប់(foundation) ឬ​Concealers។ វា​ធ្វើ​​អោយ​ស្បែក​របស់​អ្នក​ទន់​រលោង។​ ជា​អកុសល​ស៊ីលីកូន​អាច​ធ្វើ​អោយ​ស្បែក​ស្ងួត​និង​ស្ទះ​រន្ធរោម​ដែល​អាច​បង្ក​អោយ​កើត​មុន។​

តើ​យើង​ត្រូវ​ធ្វើ​របៀប​ណា​ដើម្បី​បញ្ជៀស​ការ​ឡើង​មុន​ដោយ​គ្រឿង​សំអាង​?​


មធ្យោបាយពន្យា​ពេល​​បណ្តោះអាសន្ន​មិន​អោយ​កើត​មុន​ដែល​បង្ក​ដោយ​គ្រឿង​សំអាង​គឺ​ទិញគ្រឿង​សំអាង​ដែល​មាន​ដាក់​ពាក្យ​ថា​មិន​ធ្វើ​អោយ​ស្ទះ​រន្ធរោម(non-comedogenic)។ ផលិតផល​ដែល​ធ្វើ​អោយ​ស្ទះ​រន្ធរោម​តិចតួច​បំផុត​ដែល​អាចជួយ​កាត់​បន្ថយ​ការ​កើន​ឡើង​បន្តិចម្តងៗ​របស់​ខ្លាញ់​និង​បាក់តេរីដែល​បង្ក​អោយ​កើត​មុន​។ប្រសិន​បើ​អ្នក​មិន​អាច​រក​ទិញ​គ្រឿង​សំអាង​​ដែល​មាន​ដាក់​ពាក្យ​ថា​មិន​ធ្វើ​អោយ​ស្ទះ​រន្ធរោម​(non-comedogenic)នោះ​ទេ​ អ្នក​គួរ​តែជៀសវាង​ទិញ​ផលិតផល​ដែល​មាន​គ្រឿង​ផ្សំ​ដូច​ខាង​លើ​និង​ជៀង​វាង​កំហុស​សាមញ្ញៗ ដែល​បង្ក​អោយ​កើត​មុន​ដោយ​សារ​ការ​ផាត់មុខ​ដូច​ខាង​ក្រោម​៖​
-        ប្រើ​ជក់​កខ្វក់​: ដើម្បី​កាត់​បន្ថយ​បរិមាណ​បាក់តេរី ដែល​បង្កអោយ​កើត​មុន​នៅលើ​ផ្ទៃ​មុខ អ្នក​គួរ​ប្រាកដ​ថា​អ្នក​លាង​សំអាត​ជក់​ផាត់មុខ​និង​ប្រដាប់​ប្រដា​សម្រាប់​លាប​មុខ​ជា​ប្រចាំ។​
-        ទុក​ដាក់​ជក់​ផាត់មុខ​មិន​បាន​ត្រឹមត្រូវ​: កាបូប​សម្រាប់​ដាក់ជក់​និង​ប្រដាប់​ប្រដា​សម្រាប់​ផាត់មុខ​អាច​នឹង​ក្អែល​ឬ​កខ្វក់​អាច​បង្ក​អោយ​ឆ្លង​បាក់តេរី​ឬ មេរោគ​។​​ដូច​នេះអ្នក​គួរ​តែ​ច្រក​ថង់​ស្អាត​ឬ​ក្នុង​ប្រអប់​ស្អាត​សម្រាប់​ដាក់​ជក់​និង​ប្រដាប់​ប្រដា​និមួយៗ​។​ លោក​អ្នក​មិន​គួរ​ដាក់​ជក់និង​ប្រដាប់ប្រដា​ផាត់​មុខ​ទាំង​នោះ​ដោយ​ផ្ទាល់​​ក្នុង​កាបូប​​ទេ។​
-        មិន​បាន​សំអាត​ដៃ​អោយ​ស្អាត​មុន​នឹង​ផាត់មុខ​:  លោក​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​សម្អាត​ដៃរបស់​អ្នក​អោយ​មាន​ស្អាត​​គ្រប់​ដែល​អ្នក​ធ្វើ​ការ​ផាត់មុខ​ដើម្បី​ការពារ​ការ​រាល​ដាល​ធូលី​ពី​ដៃ​ទៅ​លើ​មុខ។​
-        កុំ​ប្រើ​គ្រឿង​សំអាង​ណា​​ដែល​ធ្វើ​អោយ​អាលាកហ្សី ឬ ប្រតិកម្ម​: ប្រសិន​បើ​អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ឬ​អាលាកហ្សី​ជា​មួយ​គ្រឿង​ផ្សំណា​មួយ​​របស់​គ្រឿង​សំអាង​ អ្នក​គួរ​តែ​ពិនិត្យ​មើល​​គ្រឿង​ផ្សំ​របស់​គ្រឿង​សំអាង​នោះ​ដើម្បីប្រាកដ​ថា​គ្មានគ្រឿង​ផ្សំ​ទាំង​នោះ​នៅ​ក្នុង​គ្រឿង​សំអាង​ដែល​អ្នក​ត្រូវ​ប្រើ​​។ ​
-        ចូល​គេង​ដោយ​មិន​បាន​សម្អាត​គ្រឿង​សំអាង​ពីមុខ​: អ្នក​មិន​គួរ​ចូល​គេង​ដោយ​មិន​លាង​សម្អាត​គ្រឿង​សំអាង​ចេញ​ពីមុខ​នោះ​ទេ​។​ ការ​ចូល​គេង​​ដោយ​មិន​បាន​សម្អាត​គ្រឿង​សំអាង​ចេញនឹង​ធ្វើ​អោយ​គ្រឿង​សំអាង​ចូល​ពេញ​ក្នុង​រន្ធរោម​ ធ្វើ​អោយ​ស្ទះរន្ធរោម​ ហើយ​បង្ក​អោយ​កើត​មុន​និង​ធ្វើ​អោយ​រន្ធ​ញើស​រីក​ធំ។​ដូចនេះ​ ការ​លាង​សំអាត​គ្រឿង​សំអាង​ចេញ​ពី​មុខ​ពិត​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សូម​ប្រាកដ​ថា​លោក​អ្នក​លាង​គ្រឿង​សំអាង​ចេញ​ពី​បាន​ជ្រះ​ល្អ​ដោយ​គ្មាន​បន្សល់​កាកសំនល់​គ្រឿង​សំអាង​លើ​ស្បែក​មុខ។​ លោក​អ្នក​អាច​ប្រើ​ផលិតផ​ល​លាង​សំអាត​គ្រឿង​សំអាង​(Makeup Remover)ជាមុន​សិន​មុន​នឹង​លាង​មុខ​ជាមួយ​ផលិតផល​លាង​សំអាត​មុខ​ធម្មតា​(cleanser)។ ជាទូទៅ​ ផលិតផ​ល​លាង​សំអាត​គ្រឿង​សំអាង​(Makeup Remover)មាន​សមត្ថភាព​អាច​រំលាយ​ប្រភេទ​គ្រឿង​សំអាង​ដែល​ធន់​នឹង​ទឹក​និង​កាកសំនល់​ព្រម​ទាំង​គ្រឿង​ផ្សំ​មិនល្អ​របស់​គ្រឿង​សំអាង​ពី​ស្បែក​បាន​យ៉ាង​ល្អ​ជា​ងផលិតផល​លាង​សំអាត​មុខ​ធម្មតា​(cleanser)។​ប្រសិន​បើ​លោក​អ្នក​រក​ទិញ​ផលិតផ​ល​លាង​សំអាត​គ្រឿង​សំអាង​(Makeup Remover) លោក​អ្នក​អាច​ស្វែង​រក​វា​នៅ​ខាង​ក្រោម​បង្អស់​នៃ​អត្ថបទ។​
ជា​ការអោយ​យោបល់​លោក​អ្នក​គួរ​តែលាប​​សេរ៉ូម​ដែល​មាន​មុខងារ​ជួយ​បំពេញ​ជាតិ​ទឹក​អោយ​កោសិការ​ស្បែកដើម្បី​រក្សា​សំនើម​ស្បែក​​និង​ប្រើ​ផលិតផល​ការពារ​ស្បែក​ពី​កំដៅ​ព្រះអាទិត្យ​ជាមុន​សិន​មុន​ពេល​ធ្វើ​ការ​ផាត់មុខ។​ ផលិតផល​ការពារ​ស្បែក​ពី​កំដៅព្រះ​អាទិត្យ​អាច​ធ្វើ​ជា​របាំង​មួយ​ដែល​ការពារ​មិន​អោយ​ជាតិ​ទឹក​ដែល​មាន​នៅ​ក្នុង​កោសិការ​ហួត​ចេញ​ក្រៅ​​និង​ការពារ​មិន​អោយ​គ្រឿង​សំអាង​ចូល​ទៅ​ក្នុង​រន្ធរោម​ទាំង​ស្រុង​ផង​ដែរ។​​

តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ប្រសិន​បើ​អ្នក​យល់​ថា​អ្នក​កើត​មុន​ដោយ​សារ​គ្រឿង​សំអាង?

ការ​ដោះ​ស្រាយ​បញ្ហា​ស្បែក​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​​ផាត់មុខមិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។​​ ដូច​នេះ តើ​អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​​របៀប​ណា?
ជំហាន​ទី ១​: ទុក​ពេល​អោយ​ស្បែក​របស់​អ្នក​ដក​ដង្ហើម​ខ្លះ​
ស្បែក​របស់​អ្នក​ត្រូវ​ការ​ពេល​ដើម្បី​ព្យាបាល​។ ដើម្បី​ព្យាបាល​ ស្បែក​ត្រូវ​ការ​សម្រាកពី​ការ​ប្រើ​ផលិតផល​ផ្សេងៗ​។ ស្បែក​របស់​អ្នក​ក៏​ធ្វើ​ការ​ជួលជុល​កោសិការ​និង​ថែទាំ​ស្បែក​ដោយ​ខ្លួន​ឯង​ផង​ដែរ​។​ ដូចនេះ​កុំ​ផាត់​មុខ​២​ថ្ងៃ​ក្នុង​១​សប្តាហ៍​ដើម្បីទុក​ពេល​អោយ​ស្បែក​របស់​អ្នក​ដក​ដង្ហើម។​
ជំហាន​ទី២​: ព្យាបាល​បញ្ហា​ស្បែក​
ព្យាយាម​ស្វែង​រក​ផលិតផល​លាង​សម្អាត​មុខ ធូនឺរ​ ឬ ប្រភេទផលិតផល​ព្យាបាល​មុន​ដែល​មាន​ផ្ទុក​ថ្នាំ​ព្យាបាល​មុន​ដែល​អាច​សំលាប់​បាក់តេរី​និង​ជួយ​អោយ​ស្បែក​មាន​សុខភាព​ល្អឡើង​វិញ​។​ គ្រឿង​ផ្សំ​ទាំង​នោះ​មាន​ដូចជា​​សាលីស៊ីលិកអាស៊ីត​(Salicylic Acid) ជាដើម​។ ប៉ុន្តែ​ប្រសិន​បើ​ស្ថាន​ភាព​មុន​របស់​អ្នក​ធ្ងន់​ធ្ងរ​ពេក​  អ្នក​គប្បី​ទៅ​ជួប​ជា​មួយ​វេជ្ជបណ្ឌិត​ ឬ​អ្នក​ឯកទេស​ខាង​សើរ​ស្បែក​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​និង​ណែនាំ​ផលិតផល​ក្នុង​ការ​ប្រើប្រាស់​អោយ​បាន​ត្រឹមត្រូវ​។
ជំហាន​ទី៣​: ស្វែង​រក​ផលិតផល​ល្អ​ៗ សម្រាប់​ស្បែក​កើត​មុន​
លោក​អ្នក​គួរ​តែ​ប្រាកដ​ថា​អ្នក​ប្រើ​ផលិតផល​គ្រឿង​សំអាង​ដែល​ផលិតឡើង​សម្រាប់​ប្រភេទ​ស្បែក​កើតមុន​រាល់​ពេល​ដែល​អ្នក​ផាត់មុខ។​

សន្និដ្ឋាន​

ជា​ការពិត​គ្រឿង​សំអាង​​ពិត​ជា​មាន​សក្តា​នុពល​ដែល​បង្ក​អោយ​កើត​មុន​ពិត​មែន។ ការ​កើត​មុន​ដោយ​សារ​គ្រឿង​សំអាងអាច​បន្ត​កើត​រាល​ដាល​ឡើង​ជា​ច្រើន​ខែ​និង​អាច​ប្រើ​ពេល​យូរ​ដើម្បី​ព្យាបាល​នៅ​ពេល​ដែល​អ្នក​នៅ​តែ​បន្ត​ប្រើ​ផលិតផល​ដែល​ធ្វើ​អោយ​ស្ទះ​រន្ធរោម។​ ដូច​បាន​រៀបរាប់​មក​​ លោក​អ្នក​គួរ​តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ជ្រើសរើស​គ្រឿង​សំអាង​មក​ប្រើប្រាស់​ ព្រោះ​វា​នឹង​ធ្វើ​អោយ​ស្បែក​មុខ​របស់​អ្នក​មាន​បញ្ហា​ឬ​អាច​ធ្វើ​អោយ​ស្បែក​ខូច​ខាត​ទាំង​ស្រុង​ប្រសិន​បើ​លោក​អ្នក​ប្រើ​ប៉ះ​ចំ​ផលិតផល​ក្លែង​ក្លាយ។​ មួយ​វិញ​ទៀត​ការ​លាង​សំអាត​គ្រឿង​សំអាង​អោយ​បាន​ជ្រះ​ស្អាត​ល្អ​ជា​កត្តា​ចាំបាច់​បំផុត​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ដោយ​មិន​គួរ​មើល​រំលង។​យើង​សង្ឃឹម​ថាអត្ថបទនេះ​ផ្តល់​​ប្រយោជន៍​និង​អាច​ជួយ​អោយ​អ្នក​ជៀស​ផុត​ពី​បញ្ហា​កើតមុន​ដោយ​សារ​គ្រឿង​សំអាង​បាន។​ ការពារ​ប្រសើរ​ជាង​ព្យាបាល។​

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments