កំហុស​ដ៏​សាមញ្ញ​១១​យ៉ាង​ក្នុង​ការ​លាង​មុខ- ដំណោះ​ស្រាយ​ក្នុ​ង​ការ​លាង​មុខ​អោយ​បាន​ត្រឹមត្រូវ​

By BeiLover - September 17, 2019



អ្នក​ឧស្សាហ៍​លាង​សំអាត​មុខ​រាល់​ពេល​មុន​ចូល​ដំនេក​និង​ជារៀង​រាល់​ព្រឹក​នៅពេល​ដែល​អ្នក​ភ្ញាក់​ពី​ដំណេក។ ប៉ុន្តែ​អ្នក​បែរ​ជា​ចាប់​អារម្មណ៍​ឃើញ​ថា​ស្បែក​របស់​អ្នក​នៅ​តែ​មិន​ស្រស់​ថ្លា​ដូច​អ្វី​ដែល​អ្នក​ចង់​បាន។ អ្នក​អាច​បញ្ចៀស​បញ្ហា​នេះ​ដោយ​ចៀស​វាង​កំហុស​សាមញ្ញ​ៗ​ទាំង​១៥​ដូច​ខាង​ក្រោម​

1.   ការ​លាង​សំអាត​មុខញឹកញាប់​ពេក

ជា​ទូទៅ​ ការ​លាង​សំអាត​មុខ​គឺត្រូវ​ធ្វើ​តែ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​។ ការ​លាង​មុខ​លើស​ពី​៣​ដង​ក្នុង​១​ថ្ងៃ​នឹង​ធ្វើ​អោយ​ស្បែក​របស់​យើង​ឡើង​ក្រហម​ជាង​មុន​។​ ប៉ុន្តែ​ក្នុង​ករណី​ពិសេស​ខ្លះ​ដែល​អ្នក​អាច​លាង​មុខ​បាន​គឺ​នៅ​ពេល​ដែល​អ្នកធ្វើ​ការ​ ហាត់ប្រាណ​ ឬ លេង​កីឡារួច ហើយ​​បែក​ញើស​និងមាន​ខ្លាញ់​នៅលើ​មុខ។​ ប្រសិន​បើ​អ្នក​មិន​សម្អាត​មុខ​បន្ទាប់​ពី​នោះ​ទេ​ នោះ​ញើស​និង​ខ្លាញ់​ទាំង​នោះនឹង​ធ្វើ​អោយ​មុខ​របស់អ្នក​ឡើង​មុន​។​

ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​អ្នក​លាង​មុខ​លើស​កំរិត?

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ស្បែក​អ្នក​តឹង​និង​ស្ងួត​ខុស​ធម្មតា​នោះ មាន​ន័យ​ថា​អ្នក​លាង​មុខ​លើស​កំរិត​ហើយ​។ ក្រៅ​ពី​នេះ​ទៅ​ទៀត​ស្បែក​របស់​អ្នក​ប្រែ​ជា​ងាយ​រង​ប្រតិកម្ម​ ឬ​បង្ហាញ​សញ្ញា​ដូច​ជា​ឡើង​ក្រហម​ស្រគាំ​ ស្ងួត​​ដុំ​ៗ។​ ការ​លាង​សំអាត​មុខ​មិន​គួរ​អោយ​មុខ​ស្ងួត​ខ្លាំង​ឬ​ធ្វើអោយ​ស្បែក​មុខ​ឡើង​ក្រហម​ឬ​របក​ទេ។

2.   ប្រើ​ផលិតផល​សំអាត​មុខ​មិន​ត្រូវ​តាម​ប្រភេទ​និង​បញ្ហា​ស្បែក​


ការ​ជ្រើស​រើស​ផលិតផល​សំអាត​មុខ​មិន​ត្រូវ​តាម​ប្រភេទ​ស្បែក​អាច​បណ្តាល​អោយ​បញ្ហា​របស់​ស្បែក​កាន់​តែ​អាក្រក់​ទៅៗ​។ ការ​ប្រើ​ផលិតផល​សំអាត​មុខ​ខុស​អាច​ប៉ះពាល់ដល់​ប្រសិទ្ធភាព​នៃ​ផលិតផលដទៃ​ទៀត​​ដែល​អ្នក​នឹងត្រូវ​​លាប​បន្ទាប់​ពី​លាង​មុខ​រួច​។ 
  • ប្រសិន​បើ​អ្នក​មាន​ប្រភេទ​ស្បែក​ងាយ​រង​ប្រតិកម្ម​ អ្នក​គួរ​ប្រកាន់​ខ្ជាប់​តែ​ផលិតផល​សំអាត​មុខ​ដែល​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​និង​gentle Cleanser(ផលិតផល​សំអាត​មុខ​ដែល​ជួយ​សំអាត​មុខ​បាន​ជ្រះស្អាត​ល្អ​ហើយ​មិន​ធ្វើ​អោយ​ស្បែក​ឡើង​ក្រហម)
  • ប្រសិន​បើ​អ្នក​មាន​ស្បែក​ខ្លាញ់​ ឬ​កើត​មុន​ អ្នក​គួរ​តែ​ប្រើ​ផលិតផល​សំអាត​មុខ​ដែល​មាន​អាស៊ីតសាលីស៊ីលិកជាគោល​(Salicylic Acid-based)ដើម្បី​សំអាត​ខ្លាញ់​និង​ធូលីកខ្វក់​ដ៏​​ច្រើន​​លើសលុប។​
  • ប្រសិន​បើ​អ្នក​មាន​ស្បែក​ស្ងួត​ អ្នក​គប្បី​ប្រើ​ផលិតផល​សំអាត​មុខ​ដែល​ផ្តល់​ជាតិ​ទឹក​និង​សំនើម​ច្រើន ​មាន​ក្រែម​ ឬ​ទឹកដោះគោ​ដែល​អាច​ជួយអោយ​ស្រទាប់​ស្បែក​ខាង​លើរក្សាសំនើម​​​​​។
ផលិតផល​​លាង​មុខ​​មួយ​ចំនួន​ធ្វើ​អោយ​របកស្បែក។ វិធី​ដែល​មាន​សុវត្ថិភាព​បំផុត​ដើម្បី​ជៀសវាង​មិន​អោយ​របក​ស្បែក​ អ្នក​គប្បី​ជ្រើស​រើស​យក​ផលិតផល​សំអាត​​មុខ​ដែល​មិនផ្សំ​ឡើង​ដោយ​Sulfate(វា​ជា​សារធាតុ​គីមី​ដែល​អាក្រក់​បំផុត​សម្រាប់មនុស្ស​គ្រប់​គ្នា)និង​មើល​ទៅ​លើ​កំរិត​ពពុះ។ ប្រសិន​បើ​វា​មាន​ពពុះ​ច្រើន​ដូច​ជា​សាប៊ូ​កក់​សក់​ នោះ​វា​មាន​ផ្ទុក​សារធាតុគីមី​ដែល​ខ្លាំង។ អ្នក​គួរ​តែ​ជ្រើស​យក​ផលិតផល​សំអាត​មុខ​ដែល​មាន​ពពុះតិច​។

ផលិតផល​សំអាត​មុខ​ដែល​គួរ​តែ​ជៀសវាង​

       ·         សាប៊ូ​ដុំ​ដែល​មាន​កំរិត​pHខ្ពស់​
       ·         ផលិតផល​សំអាត​មុខ​ដែល​ដាក់​សារធាតុ​ធ្វើ​អោយ​ក្រអូប​ ឬ​ថ្នាំ​ជ្រលក់ពណ៌​
       ·         ផលិតផល​សំអាត​មុខ​ដែល​មាន​សារធាតុ​គីមី​ខ្លាំង​ និង​ផលិតផល​សំអាត​មុខ​ដែល​មាន​ពពុះ​ច្រើន
       ·         ផលិតផល​សំអាត​មុខ​ដែលមាន​សារ​ធាតុ​ជម្រុះកោសិការ​ចាស់ៗ​ជា​ប្រចាំ​ថ្ងៃ។​

3.   ប្រើ​ផលិតផល​ខុស​ក្បួន​

ប្រសិន​បើ​អ្នក​ប្រើ​ផលិតផល​លាង​មុខដែល​រាវ​(cleansing lotion) អ្នក​ត្រូ​វ​ប្រាកដ​ថា​អ្នក​យក​វា​មក​សំអាត​លើ​ស្បែក​ស្ងួត​ហើយ​ត្រដុស​វា​២​ទៅ​៣​វិនាទី​​ ធ្វើ​ដូច​ជា​លាប​គ្រី​ម​នៅ​លើ​មុខ​ដែរ។​ ​បន្ទាប់មក​ផ្សើមទឹក​លើ​​ចុង​ម្រាម​ដៃ​របស់​អ្នក​ហើយ​ត្រដុស​នៅ​ស្បែក​។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​អ្នក​ប្រើ​ផលិតផល​សំអាតមុខ​ដែល​មាន​ពពុះ​(Foam) ឬ​ជែល​សំអាត​មុខ​ខ្លាំង​ អ្នក​គួរ​តែ​ផ្សើម​ស្បែក​ជាមុន​សិន​ ដើម្បី​ជៀស​វាង​ធ្វើ​អោយ​ស្បែក​អ្នក​ទៅ​ជា​​ស្ងួត​។​ ប្រសិន​បើ​អ្នក​ប្រើ​ផលិតផល​សំអាត​មុខ​សម្រាប់​ប្រភេទ​ស្បែក​កើត​មុន អ្នក​គួរ​តែ​ទុក​ផលិតផលសំអាត​មុខ​នៅលើ​ស្បែក​១​នាទី​មុន​ពេល​លាង​ទឹក​ចេញ។​ ពីព្រោះ​គ្រឿង​ផ្សំ​សកម្ម​ដែល​មាន​នៅ​ក្នុង​ផលិតផល​សំអាតមុខសម្រាប់​ស្បែក​កើត​មុន​​ត្រូវ​ការ​ពេល​ដើម្បី​ធ្វើការ​និង​សំលាប់​បាក់តេរី​ដែល​បង្ក​អោយ​កើត​មុន។​

4.   មិនសំអាត​មុខ​នៅ​ពេល​ព្រឹក

ទោះ​បី​ជា​អ្នក​មាន​អារម្មណ៍​មុខ​អ្នក​មិន​មាន​ធូលី​ ឬ​កខ្វក់​នៅពេល​ក្រោក​ពី​ដំនេក​ក៏ដោយ​ ក៏​អ្នក​គប្បី​សំអាត​មុខ​នៅ​ពេល​ព្រឹក​ដើម្បី​​ខ្លាញ់​នៅ​លើ​មុខ​ដែល​វា​បាន​កើត​ចេញ​នៅ​ពេល​យប់​ និង​កំចាត់​កាកសំនល់​នៃ​ផលិតផល​ដែល​អ្នក​លាប​មុន​ពេល​ទទួល​ទាន​ដំនេក។​ ការ​លាង​សំអាត​ស្បែក​មុខ​បាន​ជ្រះ​ស្អាត​ល្អ​អាច​ធ្វើ​អោយ​ផលិតផល​ដែល​អ្នក​លាប​ទៅ​លើ​ស្បែក​អាច​ជ្រាបចូល​ក្នុង​ស្បែក​បាន​ល្អ និង​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព។​

5.   ចូល​គេង​ដោយ​មិន​បាន​លាង​សំអាត​មុខ​


ទោះ​បី​ជា​អ្នក​មាន​ ឬ​មិន​មាន​ផាត់​មុខ​ក៏​ដោយ​ក៏​អ្នក​ត្រូវ​តែ​លាង​មុខ​មុន​ពេល​ចូ​ល​គេង​ ព្រោះ​នៅ​កំឡុង​ពេល​ថ្ងៃ​ញើស​និង​ខ្លាញ់​ប្រមូល​ផ្តុំ​នៅ​លើ​ស្បែក​។ មិន​តែ​ប៉ុនោះ​អាច​មាន​ធូលី​និង​ជាតិ​ពុល​​កើត​ឡើង​នៅ​ស្រទាប់​ខាង​ក្រៅ​ស្បែក។​ ការ​មិន​សំអាត​ជាតិ​ពុល និង​សារធាតុ​មិនល្អ​ទាំង​នោះ​នៅ​ពេល​យប់​ទេ​ អាច​​បង្ក​អោយស្បែក​ឡើង​រោល​កន្ទួល​ រលាក​ និង​កើត​មុន​ជា​ដើម។​​

6.   លាង​សំអាត​​គ្រឿង​សំអាង​លើ​មុខ​មិន​ស្អាត

ម៉ាក​គ្រឿង​សំអាង​មួយ​ចំនួន​​ធន់​នឹង​ទឹក​​ ដូច​នេះ​ផលិតផល​លាង​សំអាត​មុខ​ធម្មតា​មិន​អាច​សំអាត​មុខ​​បាន​ជ្រះ​ស្អាត​ល្អ​ទេ​។ ប៉ុន្តែ​មាន​​ផលិតផល​លាង​មុខ​មួយ​ចំនួន​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ភាគ​ច្រើន​មាន​មុខ​ងារ​អាច​លាង​សំអាត​គ្រឿង​សំអាង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូចនេះ​អ្នក​មិន​ចាំ​បាច់​ប្រើ​ផលិតផល​សំអាត​គ្រឿង​សំអាង​(makeup remover)ទេ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​សម្អាត​វា​អោយ​បាន​ម៉ត់​ចត់​។ បន្ទាប់​ពី​លាង​សំអាត​ផលិតផល​សំអាត​មុខ​ចេញពីមុខ​ អ្នក​ត្រូវ​តែ​យក​ក្រណាត់​សំអាត​មុខ​ ឬអេប៉ុង​មក​​ជូត​សំអាត​ស្បែក​អោយ​សប់​ល្អ​។ ដោយ​សារ​តែ​គ្រឿង​សំអាង​មិន​អាច​រំលាយ​នៅ​ពេល​ដែល​អ្នក​លាង​សំអាត​មុខ​ ដូច​នេះ​អ្នក​ត្រូវ​ការ​យក​ក្រណាត់​ ឬអេប៉ុង​មក​ជូត​វា​ចេញ​។ 



ប្រសិន​បើ​អ្នក​មិន​ទុក​ចិត្ត​ចំពោះ​ការ​សំអាត​របៀប​នេះ​ អ្នក​អាច​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម​ ដើម្បីធានា​ថា​អ្នក​សំអាត​គ្រឿង​សំអាង​ជ្រះ​ស្អាត​ល្អ​បំផុត៖

វិធី​ដែល​ធានា​ថា​អ្នក​អាច​លាង​សំអាត​គ្រឿង​សំអាង​ចេញ​ពី​មុខ​ជ្រះ​ស្អាត​ល្អ​

សំអាត​គ្រឿង​សំអាង​លើមុខ​ជា​មុន​សិន​មុន​ពេល​លាង​មុខ​

ផលិត​ផល​លាង​សំអាត​មុខធម្មតា​​មិន​មាន​សមត្ថភាព​ក្នុង​ការ​លាង​សំអាត​គ្រឿង​សំអាង​ដែល​មិន​ងាយ​នឹង​រំលាយ​បាន​ទេ​ ជា​ពិសេស​ អាយ​ឡាញនឺរ​ និង​ម៉ាស្ការ៉ា​ព្រោះ​ពួកវា​សុទ្ធ​តែ​ជា​ប្រភេទ​ដែល​ធន់​នឹង​ទឹក​។​ ដូច​នេះ​ប្រសិន​បើ​អ្នក​មិន​សម្អាត​គ្រឿង​សំអាង​អស់​នេះ​ចេញ​ពី​ភ្នែក​បាន​ស្អាត​ទេ​ នោះ​អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​បង្ក​រោគ​ដល់​ភ្នែក​ឬ កើត​ពពែភ្នែក​ ឬរលាក​ក្រពេញភ្នែក។​
ក្រៅពី​នោះ គ្រឿង​ផ្សំ​ដែល​មាន​នៅ​ក្នុង​គ្រឿង​សំអាងមួយ​ចំនួន​​​អាច​បំផ្លាញ​ស្បែក​បាន​។​ គ្រឿង​សំអាង​មួយ​ចំនួន​ដូច​ជា​ foundation  highlighter និង​Concealer ខ្លះ​មាន​ផ្ទុក​នៅ​សារធាតុផារ៉ាបេន(​paraben) ដែល​បង្ក​អោយ​កើត​មុន ឬ​បង្ក​អោយរោល​កន្ទួល​លើ​ស្បែក​ និង​នាំ​អោយ​ស្បែក​កាន់​តែ​ខ្សោយ​(ងាយ​រង​ប្រតិកម្ម)។​​
អ្នក​អាច​ប្រើ​ micellar water  ផលិតផល​សំអាត​គ្រឿង​សំអាង​(makeup remover) ឬ ប្រេង​ធម្មជាតិ​ដើម្បី​សម្អាត​គ្រឿង​សំអាង​ចេញ​ពី​មុខ។ យើង​អាច​ចាក់​វា​លើ​សំលី​បន្ទះ​(សំលី​សម្រាប់​ជូត​មុខ) ព្រោះ​វា​ជួយអោយ​យើង​អាច​ជូត​លើ​មុខ​និង​ភ្នែក​ដោយ​ត្រដុស​ថ្នម​ៗបាន​។​ បន្ទាប់​មកអ្នក​ត្រូវ​លាង​មុខ​ជា​មួយ​នឹង​ផលិតផល​លាង​សំអាត​មុខ​ធម្មតា​បន្ត​ទៀត។​ វិធី​លាង​មុខ​២​ដង​នេះ​អា​ច​ធានា​ថា​មុខ​របស់​អ្នក​ត្រូវ​បាន​លាង​សំអាត​ជ្រះ​ស្អាត​ល្អ។​​

7.   ជំរុះ​កោសិការ​ចាស់​លើស​កំរិត​

ការ​ជំរុះ​កោសិការ​ចាស់ៗ​ជា​ប្រចាំ​មិនត្រឹម​តែមិនមែន​ជា​ការ​ចាំ​បាច់​ទេ​តែ​វា​អាច​បង្ក​ផលអាក្រក់​ជាង​ផល​ល្អ។​ ការ​ជម្រុះ​កោសិការ​ងាប់ៗ​អាច​ជួយ​កំចាត់​កោសិការ​ងាប់ៗ​ដែ​ល​ប្រមូល​ផ្តុំនៅ​លើ​ផ្ទៃ​ស្បែក​​​ដើម្បី​អោយ​ស្បែក​កាន់​តែ​ភ្លឺរលោង​។ ការ​​ជម្រុះ​កោសិការ​ងាប់ៗ (ដូចជា​ការ​ប្រើ​ស្រ្កាប់​ខាត់​ស្បែក​)​ញឹកញាប់​ពេក​អាច​ធ្វើ​អោយ​ស្បែក​ឡើង​ក្រហម​និង​រោល​កន្ទួល​។​ ជា​ទូ​ទៅ​អ្នក​មិន​ត្រូវ​ការ​ជំរុះ​កោសិការ​ចាស់ៗ​លើស​ពី​១​ ឬ​២​ដង​ក្នុង​១​សប្តាហ៍​ទេ​។​
ស្បែក​របស់​អ្នក​មាន​របាំង​ការ​ពារ​ធម្មជាតិ​ដែល​ជួយ​ការពារ​វា​និង​ជួយ​វា​ក្នុង​ការ​រក្សា​សំនើម។​  នៅ​ពេល​ដែល​យើង​ប្រើ​ស្ក្រាប់​អាច​បំផ្លាញ​​ស្រទាប់​ក្រៅ​នៃ​ស្បែក។​​ សញ្ញា​បង្ហាញ​ថា​ការ​ជម្រុះ​កោសិការ​លើស​កំរិត​គឺ​ស្បែក​ងាយ​រង​ប្រតិកម្ម​បំផុត​។ វា​អាច​បង្ក​អោយ​រោល​រលាក​ កើតមុន​ និង​អាច​បណ្តាល​អោយ​​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ពេល​ប្រើ​ផលិតផល។

8.   លាង​មុខ​ជា​មួយ​ទឹក​ក្តៅ​

ទឹក​ក្តៅ​មិន​ល្អ​សម្រាប់​ស្បែក​ទេ​។​ កំដៅ​ធ្វើ​អោយ​សរសៃរ​ឈាម​តូចៗ​និង​សរសៃ​ដឹក​នាំ​ឈាម​នៅ​ក្រោម​ស្បែក​រីក​ប៉ោង​ ធ្វើ​អោយ​មុខ​អ្នក​ឡើង​ក្រហម​ព្រឿង​ៗ​និង​អាច​ក្រហម​ខ្លាំង​ ជាពិសេស​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ស្បែក​ដូចជា​កើត​មុន​ ឬ​សរសៃ​ក្រហម​ ឬ​ស្បែក​ងាយ​រង​ប្រតិកម្ម​។
វា​​នឹង​ធ្វើ​អោយ​ស្បែក​ស្ងួត​យ៉ាង​ឆាប់​រហ័ស​ហើយ​អាច​​ឡើង​ស្កៀប​រមាស់​និង​របក​។ អ្ន​ក​គប្បី​ប្រើ​ទឹក​ក្តៅ​ឧណ្ឌ​ៗ​ជានិច្ច​ ដើម្បី​បញ្ចៀស​មិន​អោយ​ស្បែក​ឡើង​ក្រហម​ដោយ​យថាហេតុ។

9.   ប្រើ​ក្រណាត់​ជូត​មុខ​មិន​ល្អ​និង​មិន​ស្អាត​

នៅ​ពេល​អ្នក​លាង​សំអាត​មុខ​រួច​ មិន​គួរ​យក​ដៃ​មក​ជូត​មុខ​អោយ​ស្ងួត​ទេ។ ព្រោះ​វា​អាច​បង្ក​អោយ​អោយស្បែក​ឡើង​ក្រហម​និង​អាចឈាន​ទៅ​រក​ការ​រោល​រលាក។ ​ ជំនួស​មក​វិញ​ អ្នក​អាច​ទះ​ស្បែក​មុខ​​តិចៗ​ជាមួយ​ក្រណាត់​ ឬ​កន្សែង​ជូត​មុខ​រហូត​ដល់​ស្ងួត​។ អ្នក​ត្រូវ​រើស​យក​ក្រណាត់​ដែល​​ប្រើ​សំរាប់​ស្បែក​ទារក ព្រោះវា​ជា​ក្រណាត់​ដែល​ទន់​និង​មិន​ធ្វើ​អោយ​ស្បែក​កូតឡើង​ក្រហម។ អ្នក​គប្បី​ប្រើ​ក្រណាត់​ស្អាត​ជានិច្ច​(បោក​អោយ​ស្អាត​មុន​នឹង​យក​មក​ប្រើ)។ ការ​ប្រើ​ក្រណាត់​ដដែល​ៗមិន​សា្អត​​មក​ជូត​មុខ​ម្តង​ហើយ​ម្តង​ទៀត​អាច​ធ្វើ​អោយ​​បាក់តេរី​រាល​ដាល​និង​មាន​ផ្សិត​នៅ​លើ​មុខ​។ លោក​អ្នក​មិន​គួរ​ប្រើ​កន្សែង​ជូត​តែ​មួយ​ដើម្បី​ជូត​មុខ​និង​ជូត​ខ្លួន​ទេ​។ អ្នក​គួរ​តែ​មាន​កន្សែង​ជូត​ខ្លួន​ផ្សេង​និង​កន្សែង​ជូត​មុខ​ផ្សេង។​

10.      មិន​ផ្តល់​សំនើម​ភ្លាមៗ​បន្ទាប់​ពី​លាង​មុខ​រួច​

មាន​អារម្មណ៍​ថា​ស្បែក​តឹង​ ឬ​របក​បន្ទាប់​ពី​លាង​មុខ​រួច? នៅ​ពេល​ដែល​មុខ​អ្នក​ទើប​សំអាត​រួច​ហើយ​ស្ងួតភ្លាម​​ អ្នក​ត្រូវ​តែ​លាប​សេរ៉ូម​ ឬ​ផលិតផល​ផ្តល់​សំនើម​ក្នុង​រយៈ​ពេល​៦០វិនាទី។​ ទឹក​ដែល​ទើប​នឹង​លាង​មុខ​រួច​​បាន​ផ្តល់​ជាតិទឹក​ដល់​ស្បែក​ ប៉ុន្តែ​វា​ចាប់​ផ្តើម​ហួត​ភ្លាមៗ​មួយ​រំពេច​។​ ការ​លាប​ផលិតផល​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​ភ្លាមៗ​បន្ទាប់​ពី​សំអាត​មុខ​រួច​ អ្នក​មិន​ត្រឹម​តែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផលិតផល​នោះ​ទេ តែ​វា​ក៏​ជួយ​បង្ខាំង​សំនើម​អោយ​នៅ​លើ​ស្បែក​ពី​ទឹក​ដែល​អ្នក​លាង​មុខ។​

11.      ការ​លាង​សំអាត​មុខ​បន្ទាប់​ពី​បិទ​​ម៉ាសក្រដាស

ការ​ព្យាបាល​ថែរក្សា​ស្បែក​តម្រូវ​អោយ​លាង​សំអាង​មុខ​អោយ​ជ្រះ​ស្អាត​ជាមុន។ ​ដូច​នេះ​គ្រឿង​ផ្សំ​របស់ផលិតផល​ព្យាបាល​ស្បែក​ដូចជា​ម៉ាស​ជាដើម​ អាច​ជ្រាប​ចូល​ទាំង​អស់​ទៅ​ក្នុង​ស្បែក​។ ​អ្នក​មិន​ចាំបាច់​លាង​មុខ​ម្តង​ទៀត​ទេ​បន្ទាប់​ពី​បិទម៉ាស​រួចឡើយ​។ ម៉ាស​អាច​មាន​សមត្ថភាព​បញ្ច្រាប​គ្រឿង​ផ្សំ​សកម្ម​ចូល​នៅ​ក្នុង​ស្បែក​ជាង​សេរ៉ូម​។ ដូចនេះ​គ្រឿង​ផ្សំ​សកម្ម​របស់​ម៉ាស​នឹង​បន្ថែម​ជាតិ​ទឹក​ ជួស​ជុល​ស្បែក​ព្រម​ទាំង​​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដល់​ស្បែក​បន្ទាប់​ពី​អ្នក​បក​ម៉ាស​ចេញ។ អាច​និយាយ​ថា​គ្រឿង​ផ្សំ​ទាំងនោះ​នឹង​ចូល​ទៅ​ក្នុង​ស្បែក​និង​ធ្វើ​ការ​​ដែល​វា​ត្រូវ​ធ្វើ។

សន្និដ្ឋាន

ការ​លាង​សំអាត​មុខ​បាន​ត្រឹម​ត្រូវ​ជួយ​ការពារ​ការ​ឡើង​មុន ពង្រឹង​សុខភាព​ស្បែក​និង​អាច​កាត់បន្ថយ​ការ​រលាក​នៃ​ស្បែក(ស្បែក​ឡើង​ក្រហម​ដូច​រងើក​ភ្លើង​) ជា​ពិសេស​ជួយ​អោយ​ផលិតផល​ដែល​យើង​ប្រើ​បន្ទាប់​ពី​លាង​មុខ​រួច​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​បាន​យ៉ាង​ល្អ។ ដើម្បី​អោយ​ស្បែក​របស់​អ្នក​កាន់​តែ​មាន​សុខភាព​ល្អ និង​មិន​​មាន​បញ្ហា​ស្បែក​កើត​ឡើង​ អ្នក​គួរ​តែ​ជៀងវាង​កំហុស​នៃ​ការ​លាង​មុខ​ទាំង​១១​ខាងលើ​។​


  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments