ការ​បរិភោគផ្លែឈើអោយ​បាន​ត្រឹមត្រូវ -​ មនុស្ស​ស្ទើរ​តែ​៩៥%​បរិភោគ​ផ្លែឈើ​មិន​បាន​ត្រឹមត្រូវ​

By BeiLover - August 30, 2019



កំពុងមានបញ្ហាស្រកទម្ងន់ ឬស្បែកខ្មៅស្រអាប់ ឬសម្ពាធឈាម​ឡើងខ្ពស់មែនទេ? ការទទួល​ទាន​ផ្លែឈើអាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ផ្លែឈើជា​អាហារ​​ល្អសំរាប់លោកអ្នក។ វាជា​ប្រភេទអាហារធ្វើ​អោយ​មាន​សុខភាពល្អ​ដ៏​អស្ចារ្យ​មួយក្រុមដែលមាន​ផ្ទុក​នូវ​​វីតាមីន សាធាតុចិញ្ចឹម សារជាតិកាក​សរសៃ ទឹក ​ភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក សារធាតុ​​ប្រឆាំង​នឹង​អុកស៊ីតកម្មដែល​​ជួយ​កំចាត់​រាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់ ​និង​ជួយ​​បំបាត់​ការ​រោល ​ឬរលាក។ ជារួម​ផ្លែឈើ​ជួយ​ការ​ពារ​យើង​ប្រឆាំង​នឹង​បញ្ហា​សុខភាព​ផ្សេងៗ។​ ប៉ុន្តែ​​របៀប​ដែល​យើង​បរិភោគ​ផ្លែ​ឈើ​​ប្រចាំ​ថ្ងៃ​​ភាគច្រើន​មិន​ទាន់​ត្រឹមត្រូវ​ទេ។ ការបរិភោគផ្លែឈើ​អោយ​បាន​ត្រឹម​ត្រូវ​ពិត​ជា​​អាច​ផ្ដល់នូវអត្ថប្រយោជន៍ជា​ច្រើន​ដល់សុខភាព។ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​​បរិភោគវាមិន​បាន​ត្រឹម​ត្រូវ​ទេនោះ​  នោះ​វា​នឹង​ផ្តល់​ទុក្ខទោស​ដល់​រាងកាយវិញ។

I.         ការទទួលទានផ្លែឈើមិនបានត្រឹមត្រូវ

1.    ពេលវេលាដែលមិនត្រឹមត្រូវក្នុង​ការ​ទទួល​ទាន​ផ្លែឈើ

លោក​អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែឈើ​បន្ទាប់​ពី​បរិភោគអាហារ​រួច​ទេ​ព្រោះ​វា​ធ្វើ​អោយ​អ្នក​មិន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​បរិភោគ​ផ្លែឈើ។​ ផ្លែ​ឈើ​ជា​ច្រើន​មាន​ផ្ទុក​នូវ​រសជាតិផ្អែម​ និង​កាឡូរី​ធម្មជាតិ​។​​​ ​ផ្លែឈើ​មិន​ជួយ​រំលាយ​អាហារ​ និង​កិន​បំបែក​កាឡូរី​ទេ។ មានការ​ផ្សព្វផ្សាយ​តគ្នា​នៃ​អំនះអំនាង​ស្តី​អំពី​​​អាហាររូបត្ថម្ភបាន​លើក​ឡើង​ថា​​​សារ​ធាតុ​ចិញ្ចឹម​និង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ​ត្រូវ​បាន​បំផ្លាញ​​​​​ប្រសិន​បើ​អ្នក​ទទួល​ទាន​វា​ជាមួយ​នឹង​អាហារ​ផ្សេង​ៗ​ទៀត។ តាម​ការសន្មត​ជា​​មូលដ្ឋាន​ ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ធ្វើ​អោយ​អាហារ​ដែល​បាន​រំលាយ​រួចក្លាយ​​ទៅ​ជា​ឡើង​មេ(ឡើង​ជូរ)នៅ​ពេញ​ក្នុង​ក្រពះ​ បង្ក​អោយ​មាន​ហ្គាស(ខ្យល់ក្នុង​ក្រពះ) ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ និង​បង្ក​អោយ​មាន​បញ្ហា​ដទៃ​ទៀត។


2.    បរិភោគផ្លែឈើនៅ​ពេលយប់

មាន​ការ​ណែនាំមួយ​​​មិន​អោយបរិភោគផ្លែឈើ​ក្រោយ​ពេល​ព្រះ​អាទិត្យ​លិច​ទេ ដោយ​សារ​សមត្ថភាព​រាង​កាយ​​​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ផ្លែឈើ​ចូល​ទៅ​ក្នុង​ជាលិការ​​នៃ​រាងកាយ​​ថយចុះ។ មិន​តែប៉ុណ្ណោះ​ដោយ​សារ​តែ​ផ្លែឈើមានស្ករខ្ពស់ដែល​បណ្ដាលឲ្យឡើងទម្ងន់ទៀតផង។ បន្ថែមពីនេះទៅទៀត វាក៏បណ្ដាលឲ្យអាស៊ីតកើនឡើងនិងអាចរំខានដល់ដំណេកផងដែរ​។ ដូច្នេះចូរបង្កើតទម្លាប់បរិភោគ​ផ្លែឈើឲ្យបានមុនម៉ោង៦ល្ងាច។ ទោះជាយ៉ាង​នេះ​ក្តី​ លោកអ្នកក៏នៅតែអាចទទួល​ទាន​ផ្លែឈើក្រោយម៉ោង៦ល្ងាចបានដែរ​ដោយជ្រើសយក​នូវប្រភេទផ្លែឈើដែលត្រឹមត្រូវ។

ផ្លែឈើ​ដែល​ជា​ជម្រើស​ដ៏​ល្អ​ដែល​អ្នកអាច​​បរិភោគ​មុន​ពេល​ចូល​គេ​ង​គឺ​ផ្លែប៉ោមនិងផ្លែចេក។ ពួកវាផ្ទុកនូវសេរ៉ូតូនីន មេឡាតូនីន និងទ្រីបតូផានពីធម្មជាតិដែលអាចធ្វើអោយអ្នកស្ងប់អារម្មណ៍​និងជូយអោយគេង​លក់​ស្រួល។ ជៀសវាងបរិភោគពពួកផ្លែឈើមួយចំនួនដូចជា ផ្លែស្វាយនិង​ទំពាំងបាយជូរ ដោយ​សារ​​ពួកវាអាចធ្វើឲ្យខួរក្បាលនៅតែដំណើរការនិងរំខានដល់ដំណេករបស់លោកអ្នក។


3.    ពិសារ​ទឹក​ផ្លែឈើ​

ទឹកផ្លែឈើស្រស់មិនមានផ្ទុកសារជាតិសរសៃរបស់ផ្លែឈើទេ។ នៅក្នុងផ្លែឈើ​មានសារជាតិកាក​សរសៃ ទើប​ជាតិ​​ស្ករនៅក្នុងផ្លែឈើមិនធ្វើឲ្យកម្រិតអាំងស៊ុយលីនក្នុង​ឈាម​កើនឡើង ដោយសារ​ជាតិ​កាក​សរសៃនៅ​ក្នុង​ផ្លែឈើ​​ជួយ​ពន្យឺតការ​បញ្ចេញ​ជាតិ​គ្លុយកូស​នៅក្នុង​​សរសៃឈាម។ រឿង​ដ៏​សាមញ្ញ​មួយ​ទៀត​ដែល​មនុស្ស​ភាគ​ច្រើន​​មិនបានគិត​ដល់​​គឺនៅពេលដែលយើងកិន​ផ្លែឈើជាមួយនឹងម៉ាស៊ីនក្រឡុក ការកើនឡើងកម្ដៅរបស់ម៉ាស៊ីនក៏អាចបំផ្លាញវិតាមីន និងសារធាតុរ៉ែមួយចំនួនដែលមាននៅក្នុងផ្លែឈើ​នោះ។

ប្រសិនបើលោកអ្នកចង់ទទួលបានអត្ថប្រយោជន៍ពីផ្លែឈើខ្ពស់ អ្នក​ត្រូវជៀសវាងពិសាទឹកផ្លែឈើ​ ហើយ​​ចាប់​ផ្តើម​បរិភោគ​ផ្លែឈើ​ទាំង​មូល ​ ឬផ្លែឈើ​ក្រឡុក។ ទឹកផ្លែឈើក្រឡុកជាទឹកដែល​គេ​កិន​ផ្លែឈើ​ទាំង​មូល​​ម៉ត់ចូល​គ្នា​។ ប្រាកដណាស់ លោកអ្នកក៏អាចពិសារ​ទឹកផ្លែឈើស្រស់ម្ដងម្កាលបាន។ ប្រសិនបើលោកអ្នកចង់ពិសាវា លោក​អ្នក​មិន​ត្រូវ​លេបចូលក្អឿកៗចូលទៅក្នុងបំពងករយ៉ាង​ប្រញាប់​ប្រញាល់​នោះ​ទេ។  អ្នក​គួរ​តែ​ក្រេបវាយឺតៗ ដូចនេះទឹកមាត់របស់អ្នកក៏ត្រូវបានលាយ​ជាមួយ​គ្នា​ដែរ។  ការ​ធ្វើ​បែបនេះនឹងជួយ​សម្រួល​ដល់ដំណើរការនៃការរំលាយអាហារ។







អ្នក​មិន​គួរ​ធ្វើ​ទឹក​បន្លែ ​ឬ​ផ្លែឈើ​បន្សាប​ជាតិ​ពុលដោយ​ខ្លួន​ឯង​​ទេ​។ ប្រសិនបើអ្នកចង់ធ្វើ លោកអ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន។ ទឹក​បន្លែ​ ឬផ្លែឈើ​បន្សាប​ជាតិ​ពុល​អាចផ្តល់ផលអវិជ្ជមានទៅលើរាងកាយរបស់យើង។ ឧទាហរណ៍ដូច​ជា​វា​អាច​​កាត់បន្ថយមុនងាររបស់តម្រង​នោម​ជាដើម​....។

4.    ការលាយ​បញ្ចូលគ្នារវាងផ្លែឈើនិងទឹកដោះគោ

ការ​​លាយ​បញ្ចូល​គ្នា​រវាង​ទឹកដោះគោ ​​និង​ផ្លែឈើ​​មិន​មែនសុទ្ធតែ​​ជា​អាហារ​ដែល​ធ្វើ​អោយ​មាន​សុខភាពល្អ​ទេ​។ ជាពិសេសផ្លែឈើដែលមានរសជាតិជូរៗដូចជាផ្លែ​ក្រូចមិនគួរដាក់លាយគ្នាជាមួយទឹកដោះគោឡើយ។ ការទទួលទានបែបនេះញឹកញាប់វានឹងធ្វើឲ្យមាន​ប្រតិកម្ម​ប៉ះពាល់ដល់រាងកាយដែល​​អាចចេញ​​អោយ​ឃើញ​រោគសញ្ញា​នៅលើស្បែក។ មានតែពពួកផ្លែឈើផ្អែមៗប៉ុនោះ​ដែល​មាន​អាច​ដាក់​លាយ​ជាមួយ​ទឹកដោះគោ​បាន​ ផ្លែឈើ​ទាំងនោះ​​ដូចជាផ្លែចេកទុំនិងស្វាយទុំជាដើម​។


5.    បរិភោគ​ផ្លែឈើ​ច្រើន​មិន​កំនត់​

រាល់ផ្លែឈើទាំងអស់សុទ្ធ​តែ​មានសន្ទស្សន៍​គ្លីសេមិច ដូចនេះលោកអ្នកមិនអាចបរិភោគ​ផ្លែឈើច្រើន​តាម​ចំនង់​ដោយ​មិន​កំនត់​បរិមាណ​ក្នុង​ការ​បរិភោគ​វា​ក្នុង​មួយថ្ងៃ​បាន​ទេ។ ការ​ដែលអ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​លើស​កំរិត​​នឹង​ធ្វើអោយ​កំរិត​គ្លុយកូស​និង​កាឡូរី​ក្នុង​សរសៃ​ឈាម​កើន​ឡើងដែល​នាំ​អោយអ្នក​​ឡើង​ទំងន់។


សន្ទស្សន៍​គ្លីសេមិច​សំដៅ​ទៅលើ​របៀប​ដែល​អាហារ​អាច​បង្កើន​កំរិត​គ្លុយ​កូស​ក្នុង​ឈាម​លឿន ​ឬ​យ៉ីត។ ជាទូទៅ អ្នក​គួរជ្រើសយកផ្លែឈើដែលមានសន្ទស្សន៍គ្លីសេមិចទាប ពីព្រោះពួកវាត្រូវបានកិនបំបែកយឺតៗ។ ដូច្នេះពួកវាមិនអាចធ្វើឲ្យកម្រិតស្ករក្នុងឈាមកើនឡើង និង​ធ្វើ​អោយអ្នកឆ្អែតបានយូរ។


តើបរិមាណផ្លែឈើ​ប៉ុន្មាន​ដែលអ្នកគួរញ៉ាំ? ការណែនាំពី USDA: សំរាប់វ័យជំទង់គួរ​តែបរិភោគផ្លែឈើ​ចំនួន២ពែងក្នុងមួយថ្ងៃ  អាស្រ័យទៅលើកំរិត​ភាព​មាំទាំ​នៃ​រូបរាង​និងអាយុរបស់លោកអ្នក។ ​អ្នក​គួរ​តែបរិភោគ​ផ្លែ​ចេក​មាន​ទំហំ​តូច​ជាជាងជ្រើស​យក​ទំហំធំ​​ដើម្បី​ជៀស​វាង​ការ​បរិភោគច្រើន​ដោយ​យថាហេតុ​។​

6.    ទទួលទាន​ផ្លែឈើទទេ​រ​

ផ្លែឈើមានសក្ដានុភាពដែល​អាចធ្វើអោយស្ករក្នុងឈាមកើនឡើងនិងធ្លាក់ចុះ។ ផ្លែឈើដែលមានកំរិត​ជាតិ​ផ្អែម​ពី​ធម្មជាតិ​ខ្ពស់​មាន​ដូចជា ផ្លែទទឹម ផ្លែ​ស្វាយ ផ្លែទំពាំងបាយជូរ ផ្លែគូលែន និងផ្លែឳឡឹក​ជាដើម​ ​គួរ​តែបរិភោគវា​ក្នុង​បរិមាណ​សម​ល្មម​ ជាពិសេសចំពោះអ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ ដើម្បី​បញ្ចៀស​បញ្ហា​ឡើង​ជាតិ​ស្ករ​ខ្ពស់ក្នុង​ឈាម​ លោក​អ្នក​អាច​ទទួល​ទាន​ផ្លែឈើ​ជាមួយ​នឹង​ប្រូតេអ៊ីន​មួយ​ចំនួន​ដូច​ជា​ឈីស​មួយ​ដុំ ​ឬ​លាប​ប៊ឺរ​គ្រាប់​ធញ្ញជាតិ​ស្តើងៗ​។​ ផ្លែឈើ​​បង្កើន​កំរិត​អាំងស៊ុយលីន​ ហើយ​ប្រូតេអ៊ីន​បង្កើន​អរម៉ូន​គ្លុយកាកុង(hormone glucagon)។ អរម៉ូន​ទាំង​ពីរ​ធ្វើការ​រួម​​គ្នា​ដើម្បី​រក្សា​ស្ថេរភាព​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ការទទួល​ទាន​ប្រូតេអ៊ីនទាំង​នោះ​ជាមួយនឹង​ផ្លែឈើ​ពិត​ជា​មានសារៈសំខាន់បំផុតសម្រាប់​អ្នកមានជំងឺទឹកនោមផ្អែម ឬអ្នក​ដែល​ប្រុង​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម។ ប្រសិន​បើ​អ្នកជំងឺ​ទាំងនោះ​បរិភោគ​តែ​ផ្លែឈើ​សុទ្ធ​ដោយ​មិន​បន្ថែម​ប្រូតេអ៊ីន​ទាំងនោះទេ​​ លោកអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាមានអការៈ​នៃការ​កើន​ឡើង​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​ប្រក្រតី ដែល​រោគសញ្ញាទាំង​នោះ​មាន​ដូចជាចង្វាក់បេះដូងលោតញាប់ជាដើម។ លោកអ្នកគួរតែជៀសវាងបរិភោគផ្លែឈើកែច្នៃ(ចេញពី​រោង​ចក្រ)  ផ្លែឈើចំអិន ឬផ្លែឈើកំប៉ុង។ ផ្លែឈើ​ប្រភេទ​​នេះផ្ទុកនូវបរិមាណស្ករច្រើន  ​សារធាតុគីមីដើម្បីរក្សាគុណភាព​អាហារ និងរួមទាំងសារធាតុមិនល្អទាំងឡាយផ្សេងទៀត។


I.             របៀបទទួល​ទាន​ផ្លែឈើឲ្យបានត្រឹមត្រូវ

ដើម្បីឲ្យរាងកាយអ្នកទទួលបាននូវអត្ថប្រយោជន៍ខ្ពស់ពីការ​បរិភោគ​ផ្លែឈើ លោក​អ្នក​គួរ​តែ​អនុវត្តន៍​តាម​ការ​ណែ​នាំ​ដូច​ខាងក្រោម។

1.   ពេលវេលា​ដ៏ត្រឹមត្រូវសំរាប់បរិភោគផ្លែឈើ



ពេលវេលា​ដែលល្អបំផុតក្នុងការបរិភោគផ្លែឈើ គឺ​បរិភោគ​​វាពេលពោះទទេរ​នៅពេលព្រឹក​ព្រលឹម។ ប្រសិនបើអ្នកចាប់ផ្ដើមបរិភោគ​​ផ្លែឈើនៅពេលពោះទទេរ  វានឹងដើរតួនាទីជាអ្នកបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរាងកាយ។​ ក្រៅពីនេះ​សារជាតិចិញ្ចឹមដែល​មាន​នៅក្នុងផ្លែឈើត្រូវបាន​ស្រូបចូលទៅក្នុងរាងកាយបានយ៉ាង​ល្អ។​

ផ្លែឈើ​ជា​អាហារ​សម្រន់​ដ៏​ល្អ​អស្ចារ្យ​ នៅ​ពេល​ដែល​អ្នក​បរិភោគ​វា​នៅ​ចន្លោះ​ពេល​បរិភោគ​បាយ។ វាជួយបង្កើនអត្រានៃ​ការធ្វើមេតាប៉ូលីស និងរក្សាកម្រិតស្ករក្នុងឈាម។ ការធ្វើមេតាប៉ូលីសគឺជាដំណើរការ​នៃ​ការ​បំលែង​អាហារ​ទៅ​ជា​ថាមពល។ លោកអ្នកគ្រាន់តែប្រាកដថាបន្ទាប់​ពី​បរិភោគ​​ផ្លែ​ឈើ​រួច​លោកអ្នកទុកចន្លោះ​ពេលប្រហែល៤០​នាទីមុនពេលបរិភោគអាហារផ្សេងៗក្រៅពីផ្លែឈើ និង​ទុក​រយៈពេលប្រហែល​៣​ម៉ោងបន្ទាប់ពីបរិភោគ​បាយរួច​មុន​នឹង​បរិភោគ​ផ្លែឈើ។ ការ​ធ្វើ​បែប​នេះ​អាច​ធានា​ថា​អាហារ​ដែលអ្នក​​ទើប​បរិភោគ​រួច​បាន​ចេញ​ពី​ក្រពះ​អស់។​ លោក​អ្នក​គួរ​តែ​ព្យាយាមបរិភោគ​​ផ្លែឈើ​អោយ​បាន​ច្រើន​មុន​ពេល​ថ្ងៃត្រង់។ ពេលវេលាដែលល្អសំរាប់បរិភោគផ្លែឈើផ្សេងទៀតគឺមុននិងក្រោយពេលធ្វើលំហាត់ប្រាណ។ ការបរិភោគផ្លែឈើមុនពេលហាត់ប្រាណនាំឲ្យរាងកាយឆាប់ទទួលបានថាមពលដើម្បីយកទៅទ្រទ្រង់ក្នុងការធ្វើលំហាត់ប្រាណ និង​ដើម្បីបំពេញថាមពលឡើងវិញក្រោយពេលធ្វើ​លំហាត់​ប្រាណរួច។ ជា​ការល្អ​បំផុត​​អ្នក​អាច​ទទួល​ទាន​ផ្លែចេក ឬផ្លែស្វាយ មុនឬក្រោយពេលការធ្វើលំហាត់ប្រាណរបស់លោកអ្នក។ វានឹង​ជួយ​​​​បង្កើន​បរិមាណ​ថាមពល​ដែល​រាងកាយ​ត្រូវ​ការ ហើយ​វា​ក៏​​ធ្វើការ​ជាអេឡិចត្រូលីតផងដែរ។

ផ្លែឈើ​ត្រូវបានកិនរំលាយយ៉ាងលឿន និងចូលទៅតាមប្រព័ន្ធរំលាយអាហារក្នុងរយៈពេលប្រហែល​កន្លះម៉ោងប៉ុណ្ណោះ។ ផ្លែឈើគឺជាប្រភពដែល​ផ្តល់ជាតិ​ស្ករ​ដល់​ឈាម​​ដ៏មានប្រសិទ្ធភាពបំផុត។ ការ​បរិភោគ​ផ្លែឈើ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​នឹង​ធ្វើ​អោយ​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​សភាព​ធម្មតាហើយ​ធ្វើ​អោយ​ចំនង់​នៃ​ការ​ឃ្លាន​អាហារ​របស់​រាងកាយ​​ដំណើរ​ការ​ប្រក្រតី​ដែល​មិន​ធ្វើ​អោយ​អ្នក​បរិភោគច្រើន​លើស​កំរិត​ដែល​នាំអោយ​​ធាត់​​លើស​ទំងន់។

ប្រសិន​បើ​លោក​អ្នក​កំពុង​រក​វិធី​សម្រក​ទម្ងន់​ លោក​អ្នក​អាច​បរិភោគ​ផ្លែឈើ​​ដើម្បី​សម្រក​ទំងន់​បាន​ដោយ​បរិភោគ​វា​មុន​ពេល​​បាយ ព្រោះ​ផ្លែឈើ​មាន​ជាតិ​កាកសរសៃ និង​ទឹក​ដែល​ធ្វើ​អោយ​អ្នក​ឆាប់​ឆ្អែត។ ផ្លែ​ឈើ​ដែល​មាន​ជាតិ​កាកសរសៃ​ខ្ពស់​ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​ហើយ​មិន​ធ្វើ​អោយ​អ្នក​បរិភោគអាហារ​ច្រើន​ហួស​ហេតុ​ដែល​នាំ​អោយ​លើស​កាឡូរី។​

ច្បាប់នៃ​ការ​ទទួល​ទាន​ផ្លែ​ឈើ​

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ដំបៅ​ក្រពះ ឬ​ចុក​ឆ្អល់​ក្តៅ​ចុង​ដង្ហើម​មិន​គួរ​បរិភោគ​ផ្លែឈើនៅពេល​ពោះ​ទទេរ​​ពេល​ព្រឹក​ព្រលឹម​ទេ។ ក្រៅ​ពី​នេះ អ្នក​ដែល​មាន​មុខងារ​ក្រពះ​ខ្សោយ​ដូច​ជា​កូន​ក្មេង​និង​មនុស្សចាស់​ក៏មិនគួរ​បរិភោគ​ផ្លែឈើ​នៅ​ពោះ​ទទេរ​​ពេល​ព្រឹក​ដែរ​។​​ ដោយសារ​តែ​មាន​ផ្លែឈើ​មួយ​ចំនួន​មាន​ផ្ទុក​អាស៊ីត​អាសេទិច​ដូច​ជា​ផ្លែ​ក្រូច​ ម្នាស់​ ក្រេន​ប៊ឺរី​ និង​ក្រូច​ថ្លុង​ជា​ដើម​ ដែលអាស៊ីតនេះ​​ធ្វើអោយ​បង្កើន​ការ​បញ្ចេញ​អាស៊ីត​ក្រពះ​និង​ធ្វើ​អោយ​ស្ថាន​ភាពក្រពះ​​កាន់​តែ​អាក្រក់​ឡើងថែម​ទៀត។​

ជៀសវាងបរិភោគពពួកផ្លែឈើដូចជា ផ្លែចេក និងផ្លែប័រនៅពេលព្រឹកពីព្រោះវា​ជាប្រភេទអាហារធ្វើ​អោ​យ​ធ្ងន់​ពោះ​​និង​បង្កើន​បន្ទុក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ អ្នក​អាច​បរិភោគផ្លែឈើ​ទាំងនេះ ​បាន​បន្ទាប់​ពី​ពេល​ថ្ងៃត្រង់ វា​ជា​ពេល​​ដែល​​រាងកាយ​មនុស្ស​យើង​​មាន​វដ្ត​នៃ​ការ​រំលាយ​អាហារ​សមស្រប​សំរាប់​ការ​​បរិភោគ​អាហារ​ប្រភេទ​នេះ។​


2.    បរិភោគតែផ្លែឈើសរីរាង្គ




ផ្លែឈើដែលនាំយកមកពីក្រៅប្រទេសទទួល​បាន​ការ​ពេញនិយមណាស់នាពេលបច្ចុប្បន្ន។ ផ្លែឈើដែលនាំចូលពីក្រៅត្រូវបានរុំខ្ជប់ដឹកឆ្លងកាត់សមុទ្ររហូតទៅដល់កន្លែងលក់តែម្ដង។ ប្រជាជនយើងមួយ​ចំនួន​កំពុងផ្លាស់ប្ដូរទៅរកផ្លែឈើបរទេសហើយបោះបង់ចោលផលិតផលជាតិ ដោយ​គិត​ថា​ផ្លែឈើ​ដែល​នាំ​ចូល​ពីបរទេស​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ដ៏​អស្ចារ្យ។​​ ប៉ុន្តែ​​ធាតុពិតគឺពិតជាផ្ទុយស្រឡះ។ ពួកយើងគួរតែនាំគ្នាបរិភោគតែ​ផ្លែឈើសរីរាង្គដែលជា​ផលិតផល​ក្នុងស្រុកដូចជា ផ្លែចេក ស្វាយ ល្ហុង ក្រូចជាដើម។ ផ្លែឈើដែលមាន​នៅក្នុងស្រុក​ហើយ​ចេញ​ផ្លែ​ចំពេលរដូវកាល និងអាកាសធាតុត្រឹមត្រូវនឹងអាច​ផ្ដល់ទឹកដមបរិសុទ្ធពីផ្លែឈើទៅដល់រាងកាយ។ អ្ន​ក​នឹងទទួលបានសារធាតុចិញ្ចឹមខ្ពស់​ពី​ការ​បរិភោគ​ផ្លែឈើសរីរាង្គ​​ ហើយ​លោកអ្នកក៏អាចជួយដល់អ្នកលក់ក្នុង​ស្រុក​និងសេដ្ឋកិច្ចជាតិ​ផងដែរ។


3.    បរិភោគ​ផ្លែឈើ​ទាំង​សំបក

ជាទូទៅសំបកផ្លែឈើ​គឺជាផ្នែកដ៏ល្អបំផុត ដែល​មាន​ផ្ទុក​វិតាមីននិងភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម។ ការស្រាវជ្រាវបានរកឃើញថាការទទួលទាន​សំបកផ្លែឈើ​អាចជាគន្លឹះសំរាប់ការកាត់បន្ថយហានិភ័យនៃការលើសទម្ងន់របស់លោកអ្នក ការ​ពារ​មិន​អោយ​កើត​ជំងឺ​មហារីក​ និង​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​មហារីកទៀត​ផង​។

សន្និដ្ឋាន


យើង​អាច​និយាយ​ថា​ផ្លែឈើ​ហាក់​ដូច​ជា​របស់​វេទមន្ត​មួយ​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សុខភាព​និង​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អផង​ដែរ។​ ការបរិភោគ​ផ្លែឈើ​បាន​ត្រឹមត្រូវ​នឹង​ជួយ​អោយ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ខ្ពស់​ពីផ្លែឈើ​​ដើម្បីទ្រទ្រង់​ដល់​រាង​កាយ​និង​​មាន​សុខភាព​ល្អ។​ ទោះ​បីជា​របៀប​ដែល​អ្នក​បរិភោគ​ផ្លែឈើ​បាន​ត្រឹម​ត្រូវ​ក៏​ដោយ​ ប្រសិន​បើ​អ្នកបរិភោគ​​ផ្លែឈើ​ដែល​មិនមែន​ជា​ផ្លែឈើ​សរីរាង្គដែល​បាន​​ដាំដុះ​ដោយ​មិន​គោរព​តាម​គោលការណ៍​ធម្មជាតិ​ ​ហើយ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​​មិនល្អ នោះ​ផ្លែឈើ​ទាំង​នោះ​នឹង​អាច​ផ្តល់​ទុក្ខទោស​ដល់​អ្នក​​វិញ។​ មូយ​វិញ​ទៀត​ បើ​ទោះ​បីជា​អ្នក​ទទួល​ទាន​ផ្លែឈើ​សរីរាង្គ​ក៏​ដោយ​ បើ​អ្នក​ទទួលទាន​វា​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​អ្នក​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ផង​ដែរ​ ជាពិសេស​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម លើសឈាម​ ដំបៅក្រពះ ឬរលាក​ក្រពះ​ និង​មុខងារ​របស់​ក្រពះ​ខ្សោយ​ជាដើម។​

ក្រុម​ការងារ​យើង​សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​មាន​ប្រយោជន៍​ចំពោះ​អ្នក។​
ដកស្រង់​ចេញពី​:
-          healthymuslim.com
-          prevention.com
-          medicalnewstoday.com
-          indiatimes.com
-          shape.com
-          food.ndtv.com
-          nestandglow.com
បកប្រែ​ដោយ​ Suychheng Seng
កែសម្រួលដោយ​ Berries

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments