ការ​ទទួល​ទាន​វីតាមីន - គ្រោះថ្នាក់នៃការទទួលទានអាហារបំប៉នឬវីតាមីនមិនត្រឹមត្រូវ

By BeiLover - August 30, 2019


ការ​ទទួល​ទាន​ថ្នាំ​គ្រាប់​វីតាមីន​ជា​ប្រចាំ​ អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នករស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។ ប៉ុន្តែតាម​រយៈ​ការ​ស្រាវជ្រាវ​​ជា​ច្រើន​បាន​បង្ហាញថា អាហារ​បំប៉ន​ ឬថ្នាំ​គ្រាប់​វីតាមីន​មិនមែន​តែង​តែផ្តល់​អត្ថប្រយោជន៍​ដល់​រាង​កាយ​នោះទេ។​ ការ​ទទួលថ្នាំគ្រាប់​វីតាមីន​​ និង​ខនិជ​អាច​​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ជាង​ផ្តល់ផលល្អ។
ចំពោះ​មនុស្ស​ចំនួន​ ថ្នាំ​គ្រាប់​វីតាមីន​ និង​ខនិជ​​ផ្តល់​អត្ថ​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ ក្នុង​ករណី​​​លក្ខខណ្ឌ​សុខភាព ​ឬ​​ក្នុង​ករណី​​ចាំបាច់​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​​របស់​ពួក​គេ​តម្រូវ​អោយ​ប្រើ​អាហារ​បំប៉ន​(ថ្នាំ​គ្រាប់​វីតាមីន​)​ជា​ប្រចាំ​​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ទទួល​ទាន​ថ្នាំគ្រាប់​វីតាមីន​ និង​ខនិជ ក្នុង​គោល​បំណង​ដើម្បី​អោយ​​​រាងកាយ​របស់​អ្នក​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​នោះ ​ការ​ធ្វើ​បែប​នេះមិន​ល្អទេ​ព្រោះ​​វា​អាច​បង្កើន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​។​

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដឹង​ថា​អ្នក​ទទួល​ទាន​ថ្នាំ​គ្រាប់​វីតាមីន​បាន​​ត្រឹម​ត្រូវ​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​?​

វិធី​ដ៏​ល្អបំផុត​គឺ  អ្នក​ត្រូវ​ពិភាក្សា​ជា​មួយ​វេជ្ជ​បណ្ឌិត​ជា​មុន​សិន​ មុន​ពេល​ដែល​អ្នក​ទទួល​ទាន​វា។​ ប្រសិន​បើ​អ្នក​កំពុង​តែ​ទទួល​ទានថ្នាំគ្រាប់​​វីតាមីន​ឬ​អាហារ​បំប៉ន​ អ្នក​គួរ​តែ​សួរ​វេជ្ជ​បណ្ឌិត​របស់​អ្នក​ថា​តើ​អ្នក​គួរ​តែ​បន្ត​ប្រើ​វា​ឬឈប់​?​ ផល​ប៉ះពាល់​ធំ​បំផុត​របស់​អាហារ​បំប៉ននិង​​ថ្នាំ​គ្រាប់​វីតាមីន​ទៅ​លើ​សុខភាព​គឺ​នៅ​ពេល​ដែល​ថ្នាំ​វីតាមីន​ទាំងនោះ​​មាន​ប្រតិកម្ម​ទៅ​វិញ​ទៅ​មក​ជា​មួយ​​នឹង​ឱសថ​ដែល​អ្នក​កំពុងតែ​ប្រើ​។​
ការ​ទទួល​ទាន​វីតាមីន​ច្រើន​មិនមែន​សុទ្ធតែ​ល្អ

ហានិភ័យ​

  • ​​  តាម​ការ​ស្រាវជ្រាវ​ជាច្រើន​បាន​ផ្សារភ្ជាប់​ថ្នាំ​គ្រាប់​ជាតិ​ដែក​ទៅ​នឹង​ហានិភ័យខ្ពស់​នៃ​ការ​ ស្លាប់​។
  •          អាហារ​បំប៉ន​ឬ ថ្នាំ​វីតាមីន​ E  អាចបង្កើនហានិភ័យនៃជំងឺខ្សោយបេះដូង។
  •          បរិមាណ​វីតាមីន​ A ច្រើន​ពេក​អាច​មាន​ផល​អាក្រក់​ដល់​ឆ្អឹង​របស់​អ្នក​។
ប្រសិន​បើ​អ្នក​យល់​​ថា​ការ​ប្រើ​អ្វី​មួយ​ក្នុង​បរិមាណ​តិច​តួច​ជា​ការ​ល្អ​ នោះ​អ្នក​ប្រហែល​ជាគិត​ថា​ ប្រសិន​បើ​អ្នក​​ប្រើ​វា​ក្នុង​បរិមាណ​​ច្រើន​នោះ​វា​កាន់​តែ​ល្អថែមទៀត។​ ប៉ុន្តែ​ប្រសិន​បើ​និយាយ​អាហារ​បំប៉ន​ឬថ្នាំ​វីតាមីន​និង​ខនិជ​វិញ​ ការ​ប្រើ​វា​កាន់​តែ​ច្រើន​នោះ វា​មិន​ប្រាដក​ថា​ល្អចំពោះ​សុខភាព​ទេ។
ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ lowa Woman’s Health Study​ បាន​តាម​ដាន​លើ​ស្រ្តី​ជាង​៣៨​០០០នាក់​ ដែល​មាន​អាយុ​ចាប់​ពី​៥៥ឆ្នាំឡើង​ក្នុង​រយៈពេល​២០​ឆ្នាំ។ តាម​រយៈ​លទ្ធផល​ដែល​ពួក​គេ​បាន​ផ្សាយ​នៅ​លើ​Archives of Internal Medicine បាន​រក​ឃើញថា​អាហារ​បំប៉ន​ឬ​​ថ្នាំវីតាមីន​ភាគ​ច្រើន​មិន​​អាច​​ជួយ​កាត់​បន្ថយ​​ហានិភ័យ​នៃ​ការ​ស្លាប់​​នៅ​ក្នុង​កំឡុង​ពេល​ស្រាវជ្រាវ​ទេ។​ ថ្នាំ​​កាល់ស្យូម​អាច​ជួយ​​កាត់​បន្ថយ​​ហានិភ័យ​នៃ​ការ​ស្លាប់។ ប៉ុន្តែ​​​អាហារ​បំប៉ន​​ឬ​ថ្នាំ​វីតាមីន​មួយ​ចំនួន​ដែល​គេ​ប្រើ​ជា​ទូ​ទៅ​ ជា​ពិសេស​ជាតិដែក​មាន​ទាក់​ទង​នឹង​ហានិភ័យ​នៃ​ការ​ស្លាប់​ខ្ពស់។​
ការ​ស្រាវ​ជ្រាវ​នេះ​មិន​មែន​ចង់​មាន​ន័យ​ថា​​ជាតិ​ដែក​ វីតាមីន​និង​​ខនិជដទៃទៀត​មិនល្អចំពោះ​សុខភាព​អ្នក​ទេ។​ មនុស្ស​​ត្រូវ​ការជាតិ​ដែក​​នៅ​ក្នុង​របប​​អាហារ​ប្រចាំថ្ងៃ​ដើម្បី​អោយ​មនុស្ស​​មាន​សុខភាពល្អ។​ សម្រាប់​មនុស្ស​ដែល​ត្រូវ​ការ​ព្យាបាល​ជំងឺ​ដូច​ជា ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ នោះ​ថ្នាំជាតិ​ដែក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់។​ ប៉ុន្តែតាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញថា​ ប្រសិន​បើ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ហើយ​ទទួល​ទាន​អាហារ​បំប៉ន​ដែល​មាន​ជាតិ​ដែក​បន្ថែម​ នោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​ពួក​គេ​ទៅវិញ។
យោង​តាម​ការ​ស្រាវជាវ​របស់​ Mayo Clinic​ បាន​អោយ​យោបល់​ថាចំពោះ​អ្ន​ក​ដែល​មាន​សុខភាព​ល្អ  ​ការ​ទទួល​ទាន​ថ្នាំ​វីតាមីន​ E ជា​ប្រចាំ  អាច​បង្កើន​ហានិភ័យ​នៃកើត​​ជំងឺ​ខ្សោយ​បេះដូង​និង​​ស្លាប់​មុន​អាយុ។​ Mayo Clinic​ ក៏​បាន​ព្រមាន​​​ថា​ការ​ទទួល​ទាន​វីតាមីន​ B-6 ចំនួ​ន​២០០​មីលីក្រាម​ក្នុង​១​ថ្ងៃ​អាច​​បង្ក​អោយ​ឈឺ​ចាប់​សរសៃប្រសាទ​និង​ប្រកាច់។​ តាម​ការ​ស្រាវជ្រាវ​របស់​National Institutes of Health​បាន​រាយការណ៍​ថា​ការ​ទទួល​ទាន​វីតាមីន​ A ច្រើន​ពេក​អាច​បង្ក​ផល​អាក្រក់​ដល់​ឆ្អឹង។
អ្នក​អាច​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​សិក្សា​បន្ថែម​អំពី​ហានិភ័យ​និង​អត្ថប្រយោជន៍​នៃ​ថ្នាំ​វីតាមីន​និង​ខនិជ។

អាហារបំប៉ន​ឬ​ថ្នាំវីតាមីន​មិន​មែន​ជា​វេទមន្ត​ទេ​

អ្នក​ត្រូវ​តែ​ចាំថាអាហារបំប៉ន​ឬ​ថ្នាំ​វីតាមីន​មិន​អាច​ជំនួស​របប​អាហារ​ដែល​មាន​តុល្យភាព ​(របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម​តាម​តម្រូវ​ការ​របស់​រាង​កាយ​​)​ទេ។ មនុស្ស​ភាគច្រើន​ជឿ​ជាក់​ថា​ ​មនុស្ស​ដែល​មាន​ទំលាប់​ទទួល​អាហារ​​​ដែល​មានសារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​​គួរ​តែ​ទទួល​ទាន​ថ្នាំ​​​វីតាមីន​ចំរុះដើម្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ឡើង​វិញ។​ ​​ជាការ​ពិត​ ថ្នាំ​វីតាមីន​និង​ខនិជ​ទាំង​នោះ​មិន​មែន​ជា​វេទមន្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើយ។

ប្រសិន​បើ​អ្នក​សង្ស័យ​ថា​អ្នក​មិន​ទទួល​បាននូវ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដែល​រាងកាយ​ត្រូវ​ការ​ទេ​ អ្នក​គួរ​​ផ្លាស់​ប្តូរ​ចំណាប់​អារម្មណ៍​ពី​ការ​ទទួល​ទទួល​ទាន​អាហារបំប៉ន​ឬ​ថ្នាំ​វីតាមីន​មក​ទទួល​ទាន​អាហារ​ល្អ​ៗ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ចំពោះ​រាង​កាយ​វិញ​ល្អជាង។​​ ​Mayo Clinic បាន​អោយ​យោបល់​ថា​ អាហារ​ធម្មជាតិ​ជា​ច្រើន​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ដូច​ជា​ ផ្លែឈើ​ បន្លែ និងគ្រាប់​ធញ្ញជាតិ​​ចំរុះ​ អាច​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​លើស​អាហារបំប៉ន​ឬ​ថ្នាំ​វីតាមីន​ទៅ​ទៀត​៖
  •   អាហារ​ធម្មជាតិ​ជា​ច្រើន​​ជា​របប​អាហារ​សំបូរ​ទៅ​ដោយ​កាក​សរសៃរ។​ របប​អាហារ​ដែល​សំបូរ​កាក​សរសៃអាច​ជួយ​កាត់​បន្ថយ​បញ្ហា​​សុខភាពជា​ច្រើន​រួម​ទាំង​ការ​ទល់​លាមក​និង​ជំងឺបេះដូងផង​ដែរ។​
  •   អាហារ​ធម្មជាតិ​មាន​ផ្ទុក​នៅ​សមាសធាតុសកម្ម​នៃ​ជីវសាស្រ្ត​ចំរុះ​ជាច្រើន។ វត្ថុធាតុ​ទាំងនេះ​អាច​ជួយ​ការ​ពារ​អ្នក​ពី​ជំងឺ​បេះដូង  ទឹកនោម​ផ្អែម​ មហារីក​ និង​ បញ្ហា​សុខភាព​ផ្សេង​ទៀត។

ដើម្បីទទួលទានអាហារដែលធ្វើ​អោយ​អ្នក​មានសុខភាពល្អ ​អ្នក​គួរ​ពិភាក្សា​ជា​មួយវេជ្ជបណ្ឌិតរបស់អ្នកឬអ្នកជំនាញខាងចំណីអាហារ។

តើអ្នក​ត្រូវ​ការសារធាតុ​ចិញ្ចឹម​បន្ថែម​ឬទេ?​

​អត្ថ​ប្រយោជន៍​នៃ​សារ​ធាតុ​ចិញ្ចឹម​


  •     ថ្នាំវីតាមីន​ B-12 អាច​ជួយ​អោយ​មនុស្ស​​ដែល​មាន​អាយុ​លើស​ពី​៥៥ឆ្នាំ​ អាច​ទទួល​បាន​កំរិត​​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​។​
  •    ថ្នាំ​គ្រាប់​វីតាមីន​ D អាច​ផ្តល់​នៅ​អត្ថប្រយោជន៍ល្អ​​ដល់​មនុស្ស​​ដែល​មាន​អាយុ​លើស​ពី​៥៥ឆ្នាំ និង​មនុស្ស​ដែល​មិន​សូវត្រូវ​ពន្លឺ​ព្រះ​អាទិត្យ។​​
  •         អាហារបំប៉ន​ឬ​ថ្នាំអាស៊ីត​ហ្វូលិក(Folic)​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​​ពិការភាព​​ពី​កំនើត​របស់​ទារក​​ក្នុង​ផ្ទៃ។ ​ អាស៊ីត​ហ្វូលិក​ កើត​ចេញពី​វីតាមីន​ B-9 ដែល​ដាក់​រំលាយ​ក្នុង​ទឹក។​
មនុស្ស​ជា​ច្រើន​អាច​ទទួល​បាន​នៅ​វីតាមីន​និង​ខនិជ​ដែល​រាងកាយ​ត្រូវ​ការ​តាម​រយៈ​ការ​ទទួល​ទានរបប​​អាហារ​ដែល​មាន​តុល្យភាព។ របបអាហារ​នោះ​មាន​ដូច​ជា​ ​ផ្លែឈើ​ បន្លែ​ គ្រាប់ធញ្ញជាតិធម្មជាតិ​(គ្រាប់​ធញ្ញជាតិ​ដែល​មិន​ឆ្លង​កាត់​ការ​កែច្នៃ​ចេញ​ពី​រោងចក្រ)​ និង​អាហារ​ដែល​មិន​សូវ​មាន​ប្រូតេអ៊ីន​ផ្សេង​ៗទៀត។​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួនអាច​​មាន​តម្រូវ​ការ​អាហារ​រូបត្ថម្ភ​ពិសេស​ដែល​​មិន​អាច​បំពេញ​បាន​តាមរយៈ​របបអាហារ​តែ​មួយ​មុខ​។​ ដូច​នេះក្នុង​ស្ថានភាព​ខ្លះ វេជ្ជបណ្ឌិត​អាច​ណែនាំ​អោយ​ពួកគេ​អោយ​​ទទួល​ទាន​អាហារ​បំប៉ន​ឬថ្នាំ​វីតាមីន​និង​ខនិជ​។​


2015-2020 Dietary Guidelines for Americans​ បាន​ផ្តល់​អនុសាសន៍​ដូច​ខាងក្រោម​៖​
·         មនុស្ស​ដែលមាន​អាយុ​លើស​ពី​៥៥​ឆ្នាំ គួរ​តែ​ទទួល​ទាន​ថ្នាំ​គ្រាប់​វីតាមីន​ B-12​ ឬបន្ថែម​អាហារ​ដែល​សំបូរ​ទៅ​ដោយ​​វីតាមីន​ B-12​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ដែល​ផលិត​ចេញ​ពី​សណ្តែក​សៀង​ជា​អាហារ​​សំបូរ​ទៅ​ដោយ​វីតាមីន​ B-12
·         មនុស្ស​មាន​អាយុ​លើស​ពី​៥៥ឆ្នាំ ហើយ​មាន​សំបុរ​ស្រអាប់​និង​មនុស្ស​ដែល​មិន​សូវ​ទទួល​ពន្លឺព្រះអាទិត្យ​គួរ​តែ​ទទួល​ទាន​ថ្នាំ​វីតាមីន​ D ឬ​បន្ថែម​​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ D ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។​ ផលិតផល​ជា​ច្រើន​ដែល​ផលិត​ចេញពី​ទឹក​ដោះគោ សណ្តែក​សៀង​ ទឹក​ក្រូច​សុទ្ធ​តែ​សំបូរ​ទៅ​ដោយ​វីតាមីន​ D
·         ស្រ្តី​​ជិត​មាន​ផ្ទៃ​ពោះ ​ឬ​កំពុង​មាន​ផ្ទៃ​ពោះ​ហើយ​មាន​គំរោង​បង្កើត​កូន​​គួរ​តែ​ទទួល​ទាន​អាហារ​បំប៉ន​ ឬ​ថ្នាំ​​អាស៊ីត​ហ្វូលិក​ ឬ​បន្ថែម​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីត​ហ្វូលិក​ចូល​ទៅ​ក្នុង​របប​អាហារ។ របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីត​ហ្វូលិក​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យនៃ​ពិការ​ភាព​ពី​កំណើត​របស់​ទារក​ក្នុង​ផ្ទៃ។
ប្រសិន​បើ​អ្នក​សង្ស័យ​ថា​អនុសាសន៍ណាមួយ​ខាង​លើ​​ត្រូវ​នឹង​ស្ថាន​ភាព​របស់​អ្នក​ អ្នក​គួរ​តែ​ទៅ​ព្រឹ​ក្សា​ជាមួយ​វេជ្ជបណ្ឌិត​។​ វេជ្ជ​បណ្ឌិត​អាច​នឹង​ណែនាំអោយ​អ្នក​ទទួល​ទាន​​អាហារបំប៉ន ​ឬ​ថ្នាំ​វីតាមីន​ ឬអាហារ​ណាមួយ​ទៅ​អ្នក​ ប្រសិន​បើ​អ្នក​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា​អ្នក​ខ្វះវីតាមីន​ឬ​ខនិជ។​

សន្និដ្ឋាន

ចំពោះ​មនុស្ស​មួយ​ចំនួន​ ការ​ទទួល​ទាន​អាហារ​បំប៉ន ​ឬថ្នាំ​វីតាមីន​អាច​​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ។ ប៉ុន្តែ ចំពោះ​​មនុស្ស​ដែល​​មាន​សុខភាព​ល្អ  មាន​ភស្តុតាង​តិចតួច​ណាស់​ដែល​ណែនាំ​ថា​ការ​ទទួល​ទាន​អាហារ​បំប៉ន ​ឬថ្នាំ​វីតាមីន​អាច​ជួយ​អោយ​មនុស្ស​កាន់តែ​​មាន​សុខភាព​​ល្អ។ ជាការពិត​ ការ​ស្រាវជ្រាវ​បាន​ណែនាំថា​អាហារបំប៉ន​ ឬថ្នាំ​វីតាមីន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​។​ ដូចនេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា​អ្នក​តែង​តែ​ព្រឹ​ក្សា​យោបល់​ជា​មួយ​វេជ្ជបណ្ឌិត​ជា​មុន​សិន​មុន​នឹង​​ទទួល​ទាន​អាហារបំប៉ន​ ឬថ្នាំ​វីតាមីន​ជា​ប្រចាំ។​  ប្រសិន​បើ​អ្នក​កំពុង​ទទួល​ទាន​អាហារបំប៉ន​ ឬថ្នាំ​វីតាមីន​ដើម្បី​ជំនួស​អោយ​ការ​បរិភោគ​បន្លែ​ ផ្លែឈើ​ និង​អាហារ​សំបូរ​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ នោះ​អ្នក​គួរ​តែ​ពិចារណាឡើង​វិញ​​ម្តង​ទៀត។ សូម​ចង​ចាំ​ថាការទទួល​ទាន​​​អាហារបំប៉ន​ ឬ​ថ្នាំវីតាមីន​ដើម្បី​អោយ​មាន​សុខភាព​ល្អ​ មិន​មែន​ជា​ដំណោះ​ស្រាយ​ដែល​ត្រឹម​ត្រូវ​ទេ។ ដំណោះ​ស្រាយ​ដែល​ល្អ​គឺ​ទទួល​របបអាហារ​​ដែល​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់។

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments